ការវាយប្រហាររបស់ក្រុមភេរវករថយចុះ៧ភាគរយនៅក្នុងប្រទេសម៉ាលី

0

អង្គការសហប្រជាជាតិ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិប្រាប់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ជនស៊ីវិល ៨៨៦នាក់ ត្រូវបានរាយការណ៍មកថា ត្រូវបានគេសម្លាប់ រងរបួស  ចាប់ជំរិត និងបាត់ខ្លួនក្នុងប្រទេសម៉ាលី នៅពាក់កណ្តាលឆមាសទី២នៃឆ្នាំ២០២១ បានបង្ហាញពីការថយចុះ ៧ភាគរយ បើប្រៀបជាមួយរយៈពេល ៦ខែមុន។

លោក ស្តេហ្វានី ឌូចារិក ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក អង់តូនីញូ ហ្គុយតេរេស មានប្រសាសន៍ថា៖ “វាគឺនៅតែមានមនុស្សច្រើននាក់ត្រូវបានសម្លាប់ រងរបួស និងចាប់ជំរិត”។​ លើសពីនេះ អាចមានជនរងគ្រោះផ្សេងទៀតដែលមិនត្រូវបានរាយការណ៍។

លោក ឌូចារិក មានប្រសាសន៍ថា និន្នាការនេះបង្ហាញថាក្រុមជ្រុលនិយមគឺជាអ្នកប្រព្រឹត្តចំបងនៃការប្រើអំពើហិង្សាលើជនស៊ីវិល ខណៈដែលអំពើហិង្សាបង្កដោយកងជីវពល និងក្រុមស្វ័យការពារសហគមន៍ផ្សេងទៀតក៏បានថយចុះផងដែរ។ បន្ថែមលើសពីនេះ ទិន្ន័យដែលបានកត់ត្រានៅក្នុងរបាយការណ៍គឺជាការបំពានដោយកងកម្លាំងការពារ និងកម្លាំងសន្តិសុខម៉ាលី។

អ្នកនាំពាក្យរូបនោះបានបន្ថែមឲ្យដឹងទៀតថា នៅកណ្តាលប្រទេសម៉ាលីរំខានដោយអំពើហិង្សាធ្ងន់ធ្ងជាងគេ។ ចំណែកឯ ការស៊ើបអង្កេតលើឧប្បត្តិហេតុដែលធ្លាប់ធ្វើឡើងនៅត្រីមាសទី១គឺកំពុងតែបន្តដំណើរការ។

គួរបញ្ជាក់ផងដែរថា ប្រទេសម៉ាលី ជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក ដែលគ្របដណ្តប់ដោយវាលខ្សាច់សាហារ៉ានៅភាគខាងជើង និងតំបន់សាហេលលាតសន្ធឹងស្របតាមបណ្តោយចុងខាងត្បូងរបស់ប្រទេសនេះ។​ សម្ព័ន្ធនៃក្រុមភេរវករជាច្រើនក្រុមត្រូវបានគេដឹងថាប្រើប្រាស់តំបន់សាហេលដើម្បីបើកការវាយប្រហារ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here