តុលាការកំពូលអ៊ីរ៉ាក់ច្រានចោលពាក្យបណ្តឹងដែលប្តឹងប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យឃឺដ

0

កាលពីថ្ងៃព្រហស្បតិ៍នេះ សមាជិកសភាជនជាតិឃឺដម្នាក់បាននិយាយថាតុលាការកំពូលអ៊ីរ៉ាក់ បានច្រានចោលពាក្យបណ្តឹងដែលបានប្តឹងប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យឃឺដ (KDP)។

ថ្លែងប្រាប់សារព័ត៌មាន BasNews លោក សឺរវ៉ាន់ ឌូបាដានី (Sherwan Dubardani) សមាជិកសភាអ៊ីរ៉ាក់មកពីគណបក្សប្រជាធិបតេយ្យឃឺដបានប្រាប់ឱ្យដឹងថាការសម្រេចរបស់តុលាការជាការធ្វើឡើងដើម្បីឆ្លើយតបទៅនឹងពាក្យបណ្តឹងដែលដាក់ជូនដោយសមាជិកសភាគឺលោកអាលីយ៉ា ណៃហ្វ (Aliya Nsaif) ដែលជាក្រុមអ្នកច្បាប់របស់រដ្ឋ ដឹកនាំដោយលោកណូរីអាល់-ម៉ាលីគី (Nouri Al-Maliki)។

លោកណៃហ្វបានចោទប្រកាន់គណបក្សប្រជាធិបតេយ្យឃឺដ ថាបានចាប់ផ្តើមបំបែកខ្លួន ហើយបានស្នើឱ្យតុលាការកំពូលធ្វើការហាមឃាត់គណបក្សប្រជាធិបតេយ្យឃឺដពីការតែងតាំងបេក្ខជនសម្រាប់តំណែងរដ្ឋាភិបាលសហព័ន្ធណាមួយ។

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់តុលាការបានបើកឱ្យលោករីបា អាមេដ (Rebar Ahmed) មកពីគណបក្សប្រជាធិបតេយ្យឃឺដ និងបេក្ខជនផ្សេងទៀតអាចចូលកាន់តំណែងណាមួយនៅក្នុងរដ្ឋាភិបាលសហព័ន្ធអ៊ីរ៉ាក់។

គួរបញ្ជាក់ថាសម្ព័ន្ធភាពត្រីភាគីមកពីគណបក្សប្រជាធិបតេយ្យឃឺដ គណបក្សសាធរីស (Sadrists) និងស៊ីយ៉ាដា (Siyada) កាលពីថ្ងៃពុធនេះបានប្រកាសពីការបង្កើតសម្ព័ន្ធសង្គ្រោះមាតុភូមិដោយបានលើកលោក រីបា អាមេដ ជាបេក្ខជនផ្លូវការរបស់ពួកគេសម្រាប់តំណែងជាប្រធានាធិបតីអ៊ីរ៉ាក់ និងលោក ម៉ូហាំម៉ាត់ ចាហ្វារអាល់-សាដ (SadrMohammad Jaafar al-Sadr) សម្រាប់តំណែងនាយករដ្ឋមន្ត្រី។

ក្រុមប្រឹក្សាតំណាងប្រទេសអ៊ីរ៉ាក់ត្រូវបានគេរំពឹងថានឹងបើកសម័យប្រជុំនៅថ្ងៃទី 26 ខែមីនាដើម្បីជ្រើសរើសប្រធានាធិបតីថ្មីសម្រាប់ប្រទេសនេះ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here