នាយករដ្ឋមន្រ្តីអ៊ីស្រាអែលព្រមានពីការវាយប្រហារភេរវកម្ម

0

ប្រទេសអ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ណាហ្វថាលី ប៊ែនណេត (Naftali Bennett) បានព្រមានពីការប៉ុនប៉ងវាយប្រហារភេរវកម្មជាច្រើនបន្ថែមទៀតដែលទំនងនឹងកើតមានក្នុងប្រទេសនៅថ្ងៃអនាគត បន្ទាប់ពីបានបង្ហាញការកោតសរសើរដល់កម្លាំង សន្តិសុខនៅសៅរ៍ដែលសម្លាប់ប្រតិបត្តិករជីហាត​អ៊ីស្លាម៣នាក់ ដែលគាត់ចាត់ទុកថាដូចជា “គ្រាប់បែកជិតផ្ទុះ”។

លោក ប៊ែនណេត បានប្រកាសថា៖ “យើងពិតជាអាចសន្មត់បានថា​នឹងមានការវាយប្រហារកាន់តែច្រើន ឡើង ហើយបច្ចុប្បន្នយើងកំពុងតែធ្វើការដើម្បីការពារមិនឲ្យមានការវាយប្រហារទាំងនោះ។” លោកថែមទាំងបានជូនពរដល់ទាហានអ៊ីស្រាអែលទាំង ៤នាក់ឲ្យបានឆាប់ជាសះស្បើយពីរបួសនៅក្នុងហេតុការណ៍ប្រយុទ្ធជាមួយក្រុមភេរវករជីហាត​អ៊ីស្លាមកាលពីព្រឹកថ្ងៃសៅរ៍ផងដែរ។

បើយោងតាមក្រុមសេវាស៊ើបការណ៍សម្ងាត់ស្ហីនបេតបានបញ្ជាក់ឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន នៅក្នុងរថយន្តមួយនៅក្នុងភូមិអារ៉ាប់ប៉ាខណៈដែលពួកគេបាញ់ប្រហារមកលើក្រុមសន្តិសុខអ៊ីស្រាអែលដែលព្យាយាមចាប់ខ្លួនពួកគេ។ ក្រុមជនជាតិប៉ាឡេស្ទីននោះត្រូវបានគេអះអាងថា មានជាប់ពាក់ព័ន្ធនៅក្នុងសកម្មភាពថ្មីៗក្នុងការប្រឆាំងជាមួយកម្លាំងសន្តិសុខអ៊ីស្រាអែល និងកំពុងតែរៀបចំបន្តការវាយប្រហារផ្សេងទៀត។ ចំណែកឯ យោធាអ៊ីស្រាអែល បានអះអាងថា ពួកគេបានរកឃើញកាំភ្លើងវែងអឹម១៦មួយដើម បង់កាំភ្លើងជាច្រើន និងគ្រាប់បែកដៃមួយគ្រាប់ផងដែរនៅក្នុងរថយន្តនោះ។

ក្រុមជីហាតអ៊ីស្លាមបានអះអាងថា បុរស៣នាក់នៅក្នុងរថយន្តគឺជាសមាជិកក្រុមយោធារបស់ខ្លួន និងបានព្រមានថាការស្លាប់របស់ពួកគេដូចជាគ្រោះថ្នាក់មួយ ដែលអាចនឹងមានការវាយប្រហារជាបន្តបន្ទាប់របស់ពួកគេកាន់តែខ្លាំងឡើង។ យោងតាមការបញ្ជាក់បន្ថែមពីលោក ប៊ែនណេត បានឲ្យដឹងថា ការវាយប្រហារភេរវកម្មជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះមិនមែនពាក់ព័ន្ធត្រឹមតែជាមួយក្រុមជីហាតអ៊ីស្លាម និងក្រុមភេរវករហាម៉ានោះទេ ប៉ុន្តែថែមទាំងមានជាប់ពាក់ព័ន្ធជាមួយក្រុមភេរវកររដ្ឋអ៊ីស្លាមផងដែរ។

ប្រភពពីអាយឌីអេហ្វ (IDF) បានបញ្ជាក់ឲ្យដឹងថា នៅពេលថ្ងៃ កម្លាំងអ៊ីស្រាអែលវាយឆ្មក់លើទីក្រុងជេនីនរបស់ប៉ាឡេស្ទីន នៅថ្ងៃព្រហសប្បតិ៍ ចាប់ខ្លួនបានមនុស្សមួយចំនួន និងក្មាន់កាំភ្លើង២នាក់ស្លាប់រួមទាំងជនជាតិប៉ាឡេស្ទីន ១៤នាក់រងរបួស។ មនុស្សដែលត្រូវបានចាប់ខ្លួនទាំងនោះត្រូវបានបញ្ជាក់ថាពុំមានបង្កបទឧក្រិដ្ឋអ្វីនោះទេ ប៉ុន្តែគេជឿថាពួកគេបានរៀបចំផែនការដើម្បីធ្វើសកម្មភាពវាយប្រហារនៅពេលអនាគត។

រដ្ឋាភិបាលអ៊ីស្រាអែលបានធ្វើការឆ្លើយតបទៅនឹងអំពើរហិង្សាកម្រិតស្រាលមួយ ដោយបាន បញ្ចូនកម្លាំងបន្ថែមទៀតទៅកាន់តំបន់វ៉េសបេង (West Bank) តំបន់ព្រំដែនហ្កាហ្សា និងតំបន់ចំណុចក្តៅផ្សេងទៀតដោយបន្ថែមកងទ័ព ដោយអះអាងថាសកម្មភាពនេះគឺមានគោលបំណងផ្តល់ឱ្យជនស៊ីវិលនូវជីវភាពធម្មតារបស់ពួកគេវិញ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន rt ចុះផ្សាយថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here