គ្រាប់ផ្លោងសម្លាប់កុមារ ៤នាក់នៅភាគពាយព្យប្រទេសស៊ីរី

0

ក្រុមអ្នកឃ្លាំមើលបាននិយាយកាលពីថ្ងៃចន្ទនេះថា កុមារ៤នាក់ត្រូវបានសម្លាប់ដោយសារការបាញ់ផ្លោងដោយរបបស៊ីរីលើភូមិដែលគ្រប់គ្រងដោយពួកឧទ្ទាមនៅភាគពាយព្យនៃប្រទេស។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានដកស្រង់សម្តីសកម្មជនប្រឆាំងដែលបាននិយាយថា ជនរងគ្រោះទាំងបួននាក់ជាសិស្សដែលកំពុងធ្វើដំណើរទៅសាលារៀន។

ការបាញ់ផ្លោងបានកំណត់គោលដៅលើភូមិម៉ារ៉េត អាល់ ណាសាន (Maaret al-Naasan) ខេត្តអ៊ីដលីប (Idlib) ដែលជាទីជម្រករបស់ប្រជាជនជាង៣លាននាក់ ដែលភាគច្រើននៃពួកគេបានផ្លាស់ទីលំនៅមករស់នៅទីនេះដោយសារតែមានសង្រ្គាមស៊ីវិល។

លោក ហាចា អាម៉េដ (Hajj Ahmed) នាយកសាលាអាល់អាម៉ាល់ (al-Amal) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបានកើតឡើងនៅម៉ោងប្រមាណជា ១១:១៥ព្រឹក (ម៉ោងក្នុងតំបន់) ហើយក្នុងចំនោមសិស្សដែលរងគ្រោះនោះមានម្នាក់រៀនថ្នាក់ទី៩ ម្នាក់​​រៀន​ថ្នាក់​ទី៧ ហើយ​ពីរ​នាក់​ទៀត​រៀន​នៅ​ថ្នាក់​ទី៨។ ពួកគេនៅតាមផ្លូវដើម្បីចាប់ផ្តើមថ្ងៃសិក្សារបស់ពួកគេខណៈដែលការវាយប្រហាររបស់ររបបឧក្រិដ្ឋកម្មប៉ះចំពួកគេ។ សិស្សានុសិស្សទាំងនោះត្រូវបានសម្លាប់នៅចម្ងាយប្រមាណជា៥០ម៉ែត្រពីសាលា​ ហើយឈាមរបស់ពួកគេខ្ទាតប្រឡាក់កាបូបដែលរាយប៉ាយនៅលើដីបន្ទាប់ពីការបាញ់ផ្លោង។ កាបូបរបស់ពួកគេមានសញ្ញាសម្គាល់របស់ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិហៅកាត់ថា UNICEF។

យោង​តាមអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរីហៅកាត់ថា (SOHR) បានឱ្យដឹងថា សាកសព​​ត្រូវ​បាន​គេ​ដាក់​ក្នុង​ថង់​ខ្មៅ ហើយ​បញ្ចុះ​នៅ​ទី​បញ្ចុះសព​របស់​អ្នក​ភូមិ។

លោក ជូលីត ធូម៉ា (Juliette Touma) អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ (UNICEF) បាននិយាយថា នេះគឺជាការក្រើនរំលឹកយ៉ាងច្បាស់ថាសង្រ្គាមលើកុមារនៅតែបន្តកើតមាន។ កុមារគ្រប់រូបនៅក្នុងប្រទេសស៊ីរីមិនថាពួកគេនៅទីណាក៏ដោយ ពួកគេមានសិទ្ធិចូលរៀនប្រកបដោយសុវត្ថិភាព។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here