គ្រាប់​រ៉ូកែត​៣​គ្រាប់​ធ្លាក់​នៅ​ជិត​រដ្ឋធានី​នៃ​តំបន់​ឃឺដ​នៅក្នុងប្រទេស​អ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ មន្ត្រីសេវាកម្មប្រឆាំងភេរវកម្ម (CTS) ក្នុងតំបន់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា គ្រាប់រ៉ូកែត៣គ្រាប់បានធ្លាក់នៅជិតរដ្ឋធានីអឺបីលភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់នៅថ្ងៃពុធ ដោយពុំបណ្តាលឱ្យមានអ្នករងរបួសនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មន្ត្រីសេវាកម្មប្រឆាំងភេរវកម្មឃឺដមានខ្លឹមសារថា គ្រាប់រ៉ូកែតជាច្រើនគ្រាប់ត្រូវបានបាញ់ចេញពីទីក្រុងអាល់ហាមដានីយ៉ា ដែលជាទីក្រុងមួយដែលមានចម្ងាយ៦០គីឡូម៉ែត្រពីភាគខាងលិចនៃខេត្តអឺបីល និងបានធ្លាក់ចំតំបន់តាំងលំនៅដ្ឋានដែលស្ថិតនៅជិតស្ថានីយ៍បូមប្រេងនៅក្នុងស្រុកខាបាតនៃខេត្តអឺបីល។

ពុំទាន់មានក្រុមឬបុគ្គលណាមួយ អះអាងទទួលខុសត្រូវពីការវាយប្រហារនេះទេ។

នៅថ្ងៃទី១៣ ខែមីនា រដ្ឋាភិបាលតំបន់ឃឺដបាននិយាយថា គ្រាប់មីស៊ីលបាញ់ចម្ងាយឆ្ងាយ ចំនួន១២គ្រាប់បានបាញ់ចេញពីភាគខាងកើតនៅខាងក្រៅព្រំដែនប្រទេសអ៊ីរ៉ាក់តម្រង់ទៅកាន់អគារថ្មីនៃស្ថានកុងស៊ុលអាមេរិកនៅក្នុងខេត្តអឺបីល និងតំបន់តំបន់លំនៅដ្ឋាននៅជុំវិញនោះបណ្តាលឲ្យជនស៊ីវិលម្នាក់រងរបួស។

ក្រោយមកទៀត ក្រសួងការបរទេសអ៊ីរ៉ាក់បានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេស
អ៊ីរ៉ាក់ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារដោយគ្រាប់មីស៊ីល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here