តាមការបញ្ជាក់ជាផ្លូវការបានឲ្យដឹងថា កាលពីថ្ងៃពុធនេះគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងបណ្តាលឱ្យឆ្មាំគុកម្នាក់ស្លាប់នៅក្នុងទីក្រុងប៊ូសា (Bursa) ភាគពាយ័ព្យប្រទេសតួកគី។
ការផ្ទុះនេះត្រូវបានគេសង្ស័យថាបានធ្វើឡើងតាមរយៈឧបករណ៍បញ្ជាពីចម្ងាយដោយបានវាយប្រហាលើរថយន្តក្រុងដែលដឹកមនុស្សប្រមាណជា៣០នាក់ដែលភាគច្រើនជាឆ្មាំពន្ធនាគារ។
យ៉ាងហោចណាស់ឆ្មាំបួននាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារនេះ ដែលក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោកអភិបាលក្រុង យ៉ាកុប កាបូឡាត (Yakup Canbolat) និយាយថាគ្រាប់បែកនេះត្រូវបានគេសង្ស័យថាបានដាក់នៅជិតបង្គោលអគ្គិសនី ហើយបានបំផ្ទុះពីចម្ងាយនៅពេលដែលរថយន្តឆ្លងកាត់។
លោកបាននិយាយទៀតថា អង្គភាពសន្តិសុខរបស់យើងទាំងអស់កំពុងធ្វើការលើបញ្ហានេះពីគ្រប់ភាគីទាំងអស់ដោយសង្ឃឹមថាយើងនឹងដោះស្រាយបញ្ហានេះបាន និងតាមចាប់ជនល្មើសឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
រដ្ឋមន្ត្រីមហាផ្ទៃតួកគីលោក ស៊ូលីម៉ាន់ សូយលូ (Suleyman Soylu) ដែលគ្រោងនឹងធ្វើដំណើរទៅកាន់កន្លែងកើតហេតុជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បាននិយាយផងដែរថាការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមដើម្បីស្វែងរកជនដៃដល់។
គួរបញ្ជាក់ថា មិនទាន់មានក្រុម ឬអង្គការណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២