ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមសម្លាប់សមាជិកកងកម្លាំងប្រជាធិបតេយ្យស៊ីរី២នាក់នៅភាគខាងកើតប្រទេសស៊ីរី

0

យ៉ាងហោចណាស់សមាជិក២នាក់របស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយពួកឃឺដត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍នេះនៅក្នុងការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងខេត្ត ឌៀ អ៊ីហ្ស័រ (Deir Ezzor) ភាគខាងកើតប្រទេសស៊ីរី។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានរាយការណ៍ថាក្រុមសកម្មប្រយុទ្ធបានកំណត់គោលដៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលស្ថិតនៅជិតភូមិអាល់-សាច (al-Sajr) ភាគខាងជើងនៃខេត្ត ឌៀ អ៊ីហ្ស័រ ដោយបានសម្លាប់អ្នកប្រយុទ្ធ២នាក់។​

យោងតាមស្ថិតិចុងក្រោយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានប្រាប់ឱ្យដឹងថា ក្រុមរដ្ឋអ៊ី ស្លាមបានធ្វើសកម្មភាពភេរវកម្មចំនួន៦៥លើក នៅក្នុងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងឃឺដស៊ីរីចាប់តាំងពីដើមឆ្នាំ២០២២។

ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានពន្យល់ថា ជាលទ្ធផលនៃការវាយប្រហារទាំងនេះជនស៊ីវិល ១៨នាក់ និងសមាជិក៣១នាក់នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀតត្រូវបានសម្លាប់។

បើទោះបីជាក្រុមរដ្ឋអ៊ីស្លាមបានបាត់បង់ទឹកដីក៏ដោយ ក៏ក្រុមនេះនៅតែបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងសន្តិសុខ និងជនស៊ីវិលទាំងនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here