ប្រទេសអ៊ីស្រាអែល៖ អ៊ីស្រាអែលបានវាយប្រហារចំគោលដៅ២កន្លែង រួមទាំងរោងចក្រផលិតអាវុធរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សា ដែលជាការសងសឹកជាក់ស្តែងចំពោះការវាយប្រហារលើក្រុងដៀររ៉ូត(Sderot)របស់ប្រទេសអ៊ីស្រាអែលពីពួកប៉ាឡេស្ទីន។
នៅថ្ងៃព្រហស្បតិ៍ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយថា គ្រាប់រ៉ូកែតត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សាកាលពីយប់មុន។ “ជាការឆ្លយតប យន្តហោះចម្បាំងបានវាយប្រហារលើតំបន់ឃ្លាំងក្រោមដីដែលផលិតគ្រាប់រ៉ូកែត។ ការវាយប្រហារនេះនឹងបណ្តាលឱ្យមានការបំផ្លិចបំផ្លាចយ៉ាងធ្ងន់ធ្ងរដល់ដំណើរការផលិតគ្រាប់រ៉ូកែតនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប” នេះបើយោងតាមពាក្យសម្តីរបស់កម្លាំងអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍៕
យោងតាមការបញ្ជាក់របស់កម្លាំងការពារអ៊ីស្រាអែលបានឱ្យដឹងថា ការប៉ុនប៉ងជាច្រើនលើកដោយតំបន់គ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងបានទទួលបរាជ័យ តែយ៉ាងណាក៏ដោយកត្តានេះជំរុញឲ្យកម្លាំងអ៊ីស្រាអែលធ្វើការវាយប្រហារជាលើកទី២ ដោយលើកនេះបានកំណត់គោលដៅទៅលើបរិវេណយោធាដែលប្រើប្រាស់ដោយអង្គភាពភេរវកម្មហាម៉ាស។
កងកម្លាំងការពារអ៊ីស្រាអែលបានបន្ថែមឱ្យដឹងថា អំឡុងពេលវាយប្រហារលើកទី២ ការបាញ់កាំភ្លើងជាច្រើនគ្រាប់ទៅកាន់ប្រព័ន្ធការពារដែនអាកាសអាយរិនដូម (Iron Dome) របស់អ៊ីស្រាអែល ជាមួយនឹងដំណើរការខុសប្រក្រតីរបស់ប្រព័ន្ធការពារដែលពេលបច្ចុប្បន្ននេះត្រូវបានស៊ើបអង្កេត។
សារព័ត៌មាន The Times of Israel ដកស្រង់ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់គ្រូពេទ្យដែលរាយការណ៍ថា មនុស្ស៣នាក់ទទួលបានការព្យាបាលរបួសដោយសារកំទេចកំទី បន្ទាប់ពីមានការវាយប្រហារតំបន់ហ្កាហ្សា។ ក្រុមសកម្មប្រយុទ្ធហាម៉ាសបានឆ្លើយតបទៅនឹងព្រឹត្តិការណ៍កាលពីយប់មិញ ដោយបាននិយាយថា ពួកគេនឹងបង្កើនការតស៊ូរបស់ជនជាតិប៉ាឡេស្ទីន ហើយការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីបន្តការប្រយុទ្ធ។
ការបាញ់គ្នាទៅវិញទៅមកបង្ហាញឲ្យឃើញពីការកើនឡើងនៃភាពតានតឹងបន្ថែមទៀតដល់ប្រទេសអ៊ីស្រាអែល និងតំបន់ហ្កាហ្សា។ នៅក្នុងហេតុការណ៍ស្រដៀងគ្នាដែរ នៅថ្ងៃអង្គារ កងកម្លាំងការពារអ៊ីស្រាអែលបានវាយប្រហារលើគោលដៅមួយចំនួននៅក្នុងតំបន់ហ្កាហ្សា ដោយអះអាងថាសកម្មភាពនេះជាការសងសឹកចំពោះការវាយប្រហារដោយគ្រាប់រ៉ូកែតលើទឹកដីអ៊ីស្រាអែលពីពួកប៉ាឡេស្ទីន ដែលនេះជាគ្រាប់រ៉ូកែតទី១ នៅក្នុងរយៈពេលជិត៤ខែមកនេះ។
ឧប្បត្តិហេតុជាច្រើនកើតឡើងជាបន្តបន្ទាប់ពីការប៉ះទង្គិចគ្នាដោយអំពោះហិង្សាជាច្រើនថ្ងៃនៅ ព្រះវិហារថេមផលម៉ោន (សំដៅទៅលើជនជាតិជ្វីហ្វ) ឬបរិវេណ អាល់អាក់សា (សំដៅទៅលើជនជាតិប៉ាឡេស្ទីន) និងការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ក្នុងប្រទេសអ៊ីស្រាអែលនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ព្រះវិហារថេមផលម៉ោននោះស្ថិតនៅភាគខាងកើតនៃទីក្រុងយេរូសាឡឹមដែលបានស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែចាប់ពីឆ្នាំ១៩៦៧មក ជាមួយនឹងរដ្ឋជីហ្វទទួលខុសត្រូវលើផ្នែកសុវត្ថិភាពនៅទៅទីនោះ។
គួរបញ្ជាក់ថា ព្រះវិហារថេមផលម៉ោនត្រូវបានចាត់ទុកថាជាទីសក្ការៈបូជាធំបំផុតក្នុងសាសនាយូដា ខណៈដែលវិហារអាល់អាក់សានៅភាគខាងត្បូងនៃអគារនេះគឺជាជាទីសក្ការៈបូជាធំបំផុតទី៣ក្នុងសាសនាអ៊ីស្លាម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន rt ចុះផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២