ប្រទេសនីហ្សេរីយ៉ា៖ អាជ្ញាធរប៉ូលិសនិយាយនៅថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ១០នាក់ត្រូវបានសម្លាប់ និងមួយចំនួនផ្សេងទៀតរងរបួសបន្ទាប់ពីមានការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធជ្រុលនិយមបូកូហារ៉ាម នៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ារដ្ឋយូបេនៅដើមសប្តាហ៍។
យោងតាមលោក ដាំងហ្គាស អាប់ដូលការ៉ីម អ្នកនាំពាក្យប៉ូលិស ដែលបានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងដាមេធូរ៉ូបានឱ្យដឹងថា សមាជិកក្រុមប្រដាប់អាវុធរបស់ក្រុមសកម្មប្រយុទ្ធកំពុងជិះម៉ូតូហើយបានដុតបគ្គលិកសាលារដ្ឋនៅទីក្រុងហ្គេដាមដែលជាទីក្រុងរបស់រដ្ឋយូបេ នៅក្នុងអំឡុងពេលវាយប្រហារកាលពីថ្ងៃពុធ។
លោក អាប់ដូលការ៉ីម បាននិយាយថា ប៉ូលិសបានពង្រឹងសន្តិសុខនៅក្នុងទីក្រុងរួចរាល់ហើយនៅក្នុងការបញ្ជាក់ជាផ្លូវការដំបូងនៃឧប្បត្តិហេតុនេះចាប់តាំងពីហេតុការណ៍បានកើតឡើងនៅពាក់កណ្តាលសប្តាហ៍។ មន្ត្រីប៉ូលិសនិយាយថា៖ “បច្ចុប្បន្ន ភាពប្រក្រតីបានវិលមកសភាពដើមវិញ ហើយប្រជាជនរៀបចំចាប់ផ្តើមបន្តអាជីវកម្មរបស់ពួកគេឡើងវិញ ខណៈដែលកម្លាំងសន្តិសុខត្រូវបានពង្រាយ ដើម្បីយល្បាត និងការបង្ហាញវត្តមានរបស់ប៉ូលិសដើម្បីទប់ស្កាត់ការកើតឡើងនៃការវាយប្រហារនាពេលអនាគត។”
គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម បានសហការជាមួយក្រុមសកម្មប្រយុទ្ធជិតស្និតបំផុតគឺក្រុមរដ្ឋអ៊ីស្លាមនៅអាហ្វ្រិកខាងលិចដើម្បីបង្កើតក្រុមរដ្ឋអ៊ីស្លាមនៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។ ក្រុមភេរវករថែមទាំងបានពង្រីកការវាយប្រហាររបស់ពួកគេទៅកាន់ប្រទេសផ្សេងទៀតនៅតំបន់ឡេកឆាងបាស៊ីន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២