ប្រទេសអ៊ីរ៉ាក់បើកប្រតិបត្តិការដើម្បីប្រមាញ់ក្រុម​សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS

0

ប្រទេសអ៊ីរ៉ាក់៖ មន្ត្រីយោធាអ៊ីរ៉ាក់និយាយថា កម្លាំងសន្តិសុខអ៊ីរ៉ាក់នៅថ្ងៃសៅរ៍បានបើកប្រតិបត្តិការដើម្បីប្រមាញ់សមាជិកក្រុមសកម្មប្រយុទ្ធ IS នៅតំបន់ខាងលិចននៃប្រទេស។

​​យោងតាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​បញ្ជាការ​ប្រតិបត្តិការ​រួម​អ៊ីរ៉ាក់បានឲ្យថា ទាហានអ៊ីរ៉ាក់ ឆ្មាំយាមព្រំដែន និងកម្លាំងទាហានប៉ារ៉ាហាស់ស្ហាប៊ីគាំទ្រដោយយន្តហោះអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការនៅពេលព្រឹកក្នុងគោលបំណងសម្អាតទីតាំងលាក់ខ្លួនជាច្រើនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅតំបន់វាលខ្សាច់ដ៏ធំភាគខាងលិចប្រទេស។

លោកនាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីរ៉ាក់ ម៉ាសថាហ្វា អាល់កាឌីមី និងជាអគ្គមេបញ្ជាការនៃកងកម្លាំងអ៊ីរ៉ាក់ បានទៅដល់ទីបញ្ជាការកងកម្លាំងការពារព្រំដែនក្នុងខេត្តអានបា និងបានជួបជាមួយមេបញ្ជាការយោធាដែលបានរៀបរាប់ត្រួសៗប្រាប់គាត់ពីប្រតិបត្តិការទាំងនោះ។ 

តាមសម្តីរបស់លោក អាល់កាឌីមី និយាយនៅក្នុងអង្គប្រជុំមានខ្លឹមសារថា៖ “អ្នក (ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS) ពុំមានជម្រើសនោះទេ គឺត្រូវតែស្លាប់ ហើយយើងនឹងមិនបញ្ឈប់ទេ រហូតទាល់តែយើងអាចកម្ចាត់អ្នកបាន”។

នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា បើយោងតាមរបាយការណ៍ចារកម្មបានបញ្ជាក់ឱ្យដឹងថា កម្លាំងអាកាសបានវាយឆ្មក់ទៅលើគោលដៅជាក់លាក់មួយចំនួន និងបានវាយឆ្មក់ទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ដែលលាក់ខ្លួននៅក្នុងវាលខ្សាច់។ ប្រតិបត្តិបត្តិការនេះកើតឡើងខណៈដែលកម្លាំងអ៊ីរ៉ាក់បានធ្វើប្រតិបត្តិការដោយឡែកប្រឆាំងនឹងទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅក្នុងខេត្តឌីយ៉ាឡា ខេត្តសាឡាហ៊ូឌីន និងខេត្តគៀរគុក។

គួរបញ្ជាក់ផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់តាំងពី កងកម្លាំងអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ដែលនៅសេសសល់បានបង្កប់ខ្លួនទៅក្នុងតំបន់កណ្តាលទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត ហើយថែមទាំងបានវាយឆ្មក់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here