ប្រទេសអ៊ីរ៉ាក់៖ មន្ត្រីយោធានិយាយថា កាលពីថ្ងៃចន្ទមានគ្រាប់កាំភ្លើងត្បាល់៣គ្រាប់បានធ្លាក់ចំលើមូលដ្ឋានយោធានៅក្បែររាជធានីបាកដាដនៃប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន។
មន្ត្រីយោធាសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា គ្រាប់កាំភ្លើងត្បាល់៣គ្រាប់បានវាយប្រហារទៅលើមូលដ្ឋានយោធាតាជី ដែលមានចម្ងាយប្រមាណជា២០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងបាកដាដ។
ប្រភពដដែលប្រាប់បន្ថែមឱ្យដឹងទៀតថា កម្លាំងសន្តិសុខអ៊ីរ៉ាក់បានពង្រឹងវិធានការសន្តិសុខរបស់ពួកគេ និងធ្វើប្រតិបត្តិការស្វែងរកអ្នកវាយប្រហារនៅទីតាំងជុំវិញកន្លែងកើតហេតុ។ យ៉ាងណាមិញ ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើ
មូលដ្ឋានយោធានេះនៅឡើយទេ។
គួររំលឹកផងដែរថា មូលដ្ឋានយោធាតាជីដែលមានមូលដ្ឋានទ័ពអាកាស គឺជាជម្រករបស់ទាហានអាមេរិក បន្ទាប់ពីមានការឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៣ ប៉ុន្តែកម្លាំងបរទេសបានប្រគល់មូលដ្ឋានទ័ពទៅឱ្យកងកម្លាំងអ៊ីរ៉ាក់វិញកាលពីខែសីហា ឆ្នាំ២០២០។ នៅខែធ្នូ ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី មូស្តាហ្វា អាល់ខាឌីមី បានបញ្ជាក់ពីការបញ្ចប់បេសកកម្មប្រយុទ្ធរបស់កងកម្លាំងចម្រុះដឹកនាំដោយអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២









