ប្រទេសនីហ្សេរីយ៉ា៖ ទាហាននិយាយកាលពីថ្ងៃអង្គារថា ទាហាននីហ្សេរីយ៉ាដែលកំពុងធ្វើប្រតិបត្តិការនៅភាគខាងត្បូងនៃប្រទេសសម្លាប់ខ្មាន់កាំភ្លើង២នាក់ និងចាប់ខ្លួនខ្មាន់កាំភ្លើង៤នាក់នៃក្រុមបំបែកខ្លួនជនជាតិដើមភាគតិចប៊ីអាហ្វ្រា (Biafra) ដែលគឺជាចលនាផ្តាច់ខ្លួនក្រៅច្បាប់នៅភាគខាងត្បូងនៃរដ្ឋអ៊ីម៉ូ។
អ្នកនាំពាក្យកងទ័ពលោក អូនីម៉ា ណាឈូក្វូ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារថា ក្មាន់កាំភ្លើងមួយក្រុមមកពីក្រុមបំបែកខ្លួនផ្សេងៗគ្នាបានបាញ់ប្រហារ និងបើកការវាយប្រហារដោយគ្រាប់បែកដៃទៅលើក្រុមទាហានល្បាតនៅតាមដងផ្លូវអ័រលូអ័រស៊ូនៅក្នុងរដ្ឋកាលពីថ្ងៃចន្ទ។ លោក ណាឈូក្វូ និយាយថា “ក្រុមល្បាតបានឆ្លើយតបដោយបាញ់ប្រហារដ៏
អស្ចារ្យ និងបានសម្លាប់ក្មាន់កាំភ្លើង២នាក់ ដោយបានបង្ខំឱ្យក្មាន់កាំភ្លើងផ្សេងទៀតរត់ភៀសខ្លួនដោយភាពច្របូកច្របល់។ នៅក្នុងការតាមប្រមាញ់ដ៏ក្តៅគគុកក្រោយពីប្រឈមគ្នារួច កម្លាំងទ័ពចាប់ខ្លួនខ្មាន់កាំភ្លើង៤នាក់ដែលរត់គេចខ្លួន”។
គួរបញ្ជាក់ផងដែរថា ក្រុមបំបែកខ្លួនជនជាតិដើមភាគតិចប៊ីអាហ្វ្រា (IPOB) បង្កើតឡើងដោយលោក ណាមឌីកាណូ ដែលជាមេដឹកនាំក្រុមប្រកាសដោយខ្លួនឯងក្នុងឆ្នាំ២០១៤ បានព្យាយាមបង្កើតក្រុមរដ្ឋជាច្រើននៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ាដើម្បីបំបែកខ្លួនចេញ និងបង្កើតប្រទេសឯករាជ្យនៃជនជាតិប៊ីអាហ្វ្រា។ អង្គការនោះត្រូវបានចាត់ទុកថាជា អង្គការខុសច្បាប់ និងជាអង្គការភេរវកម្មនៅឆ្នាំ២០១៧ ដោយតុលាជាន់ខ្ពស់នៃប្រទេសនីហ្សេរីយ៉ា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២