ប្រទេសអេត្យូពី៖ ស្ថាប័នសាសនាមួយបានអះអាងនៅថ្ងៃពុធថា យ៉ាងហោចណាស់មានមនុស្ស២០នាក់ត្រូវបានសម្លាប់នៅក្នុងចលាចលមួយនៅក្នុងទីក្រុងហ្កាន់ដ័រ ដែលស្ថិតនៅភាគខាងជើងរដ្ឋក្នុងតំបន់អាំហារ៉ានៃប្រទេសអេត្យូពី។
នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានរបស់សមាជិកក្រុមប្រឹក្សាកិច្ចការអ៊ីស្លាមប្រចាំតំបន់អាំហារ៉ា ដែលជាស្ថាប័នអ៊ីស្លាមផ្លូវការកំពូលនៅក្នុងតំបន់និយាយថា ការសម្លាប់រង្គាលកើតឡើងនៅថ្ងៃអង្គារលើជនជាតិមូស្លីមជាច្រើននាក់ដែលបានប្រមូលផ្តុំគ្នានៅក្នុងទីបញ្ចុះសពដើម្បីបញ្ចុះសពរបស់បព្វជិតអ៊ីស្លាមដ៏ល្បីម្នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា “អ្នកកាន់គ្រិស្តសាសនិកជ្រុលនិយមប្រដាប់អាវុធបានសម្លាប់ប្រជាជនម៉ូស្លីមជាច្រើននាក់នៅទីបញ្ចុះសពស្ហេកអេឡាយ។ រហូតមកដល់ពេលនេះព័ត៌មានដែលយើងទទួលបានបង្ហាញចំនួនអ្នកស្លាប់ពីការវាយប្រហារនៅថ្ងៃអង្គារមានចំនួនច្រើនជាង២០នាក់”។
សមាជិកនៃបព្វជិតសាសនាអ៊ីស្លាម និងសាសនាគ្រឹស្ត ត្រូវបានរាយការណ៍ថា បានដណ្តើមគ្នាជាយូរមកហើយដើម្បីទាមទារកម្មសិទ្ធិលើដីធ្លីនៅជុំវិញទីបញ្ចុះសពស្ហេកអេឡាយ។
ស្ថាប័នអ៊ីស្លាមកំពូលនៃតំបន់អាំហារ៉ាបាននិយាយថា សមាជិកម៉ូស្លីមមួយចំនួនរងរបួស ហើយទ្រព្យសម្បត្តិជាច្រើនរបស់ជនជាតិមូស្លីមក៏ត្រូវបានរឹបអូសអំឡុងពេលមានការប្រើអំពើហិង្សាកាលពីថ្ងៃអង្គារ។ លោក ហ្សូដូ ម៉ាឡេដ អភិបាលក្រុងហ្កាន់ដ័រ និយាយនៅព្រឹកថ្ងៃពុធដោយបានស្តីបន្ទោសលើសមាជិកក្រុមជ្រុលនិយមផ្តាច់ខ្លួនដែលមានគ្រិស្តសាសនិក និងប្រជាជនមូស្លីមនៅក្នុងទីក្រុងចំពោះអំពើហិង្សាដ៏សាហាវនោះ។
លោក ម៉ាឡេដ បានទទួលស្គាល់ថា មានមនុស្សស្លាប់ជាច្រើននាក់ និងមានការបំផ្លាញទ្រព្យសម្បត្តិ ដែលនោះគឺជាលទ្ធផលនៃអំពើហិង្សាកាលពីថ្ងៃអង្គារ ប៉ុន្តែលោកនិយាយថា ស្ថានភាពនៅក្នុងទីក្រុងហ្កាន់ដ័រឥលូវនេះមានស្ថិរភាពវិញហើយ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២