ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅប្រទេសកូឡុំប៊ីបណ្តាលឱ្យមនុស្សម្នាក់រងរបួស

0

ប្រទេសកូឡុំប៊ី៖ អាជ្ញាធរក្នុងតំបន់និយាយថា ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តកាលពីថ្ងៃចន្ទបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់រងរបួស និងបង្កការខូចខាតដល់សម្ភារៈជាច្រើននៅខាងក្រៅការិយាល័យអភិបាលក្រុងអាចេលា ប្រទេសកូឡុំប៊ី។

លោកអភិបាលក្រុង ចនណាថាន ផាធីណូ បាននិយាយថា អ្នករងរបួសគឺជាឆ្មាំសន្តិសុខម្នាក់ ដែលនៅក្នុងអគារអំឡុងពេលមានហេតុការណ៍ផ្ទុះដែលថែមទាំងបានបង្កឱ្យមានផលប៉ះពាល់ដល់អគារជាច្រើននៅក្បែរនោះ ដោយរាប់បញ្ចូលទាំងបណ្ណាល័យក្រុងផងដែរ។

មន្ត្រីម្នាក់បានបង្ហោះសារលើបណ្តាញសង្គមមានខ្លឹមសារថា៖ “គ្រាប់បែកបង្កប់ក្នុងរថយន្តបានផ្ទុះឡើងនៅខាងក្រៅការិយាល័យអភិបាលក្រុង ដែលអ្នកអាចមើលឃើញពីការខូចខាត។ ចំណែកឯ បណ្ណាល័យរងការបំផ្លាញទាំងស្រុង”។

ក្រុមបំបែកខ្លួនពីអតីតកម្លាំងប្រដាប់អាវុធបដិវត្តន៍នៃប្រទេសកូឡុំប៊ីហៅកាត់ថា (FARC) ក៏ដូចជាក្រុមឧទ្ទាមកងទ័ពរំដោះជាតិ គឺមានសកម្មភាពយ៉ាងសកម្មនៅក្នុងតំបន់។

លើសពីនេះទៀត ខាវកាគឺជាជម្រករបស់បក្សសម្ព័ន្ធឈូងសមុទ្រ (ហ្គូហ្វ ខ្លេន ឬ Gulf Clan) ដែលជាបណ្តាញក្រុមឧក្រិដ្ឋជនបង្កើតឡើងដោយអតីតយុទ្ធជនដែលបច្ចុប្បន្នកំពុងតែប្រយុទ្ធគ្នាដើម្បីដណ្តើមការគ្រប់គ្រងលើផ្លូវជួញដូរគ្រឿងញៀន។

លោកប្រធានាធិបតី អាយវិន ដូហ្គី ថ្កោលទោសចំពោះការវាយប្រហារនេះតាមរយៈសារលើ
បណ្តាញសង្គមធ្វីតធ័រ និងបានប្រកាសអំពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខវិសាមញ្ញដើម្បីដោះស្រាយបញ្ហានេះ ហើយថែមទាំងប្តេជ្ញាក្នុងការស្វែងរកអ្នកទទួលខុសត្រូវ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន huaxia ចុះផ្សាយថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here