ទាហានអ៊ីរ៉ាក់ និងសមាជិកក្រុមសកម្មប្រយុទ្ធយ៉ាហ្ស៉ីឌី ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា

0

ប្រទេសអ៊ីរ៉ាក់៖ ទាហានអ៊ីរ៉ាក់ម្នាក់ និងសមាជិកក្រុមសកម្មប្រយុទ្ធយ៉ាហ្ស៉ីឌីដែលមានជាប់ពាក់ព័ន្ធជាមួយសមាជិក​នៃ​គណបក្ស​ពលករ​ឃឺដ​តួកគី (PKK) ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅភាគខាងជើងខេត្តនីនីវេ ប្រទេសអ៊ីរ៉ាក់។

លោក អាលី អាល់រ៉ាវ៉ី ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយកងពលធំទី២០នៃទ័ពអ៊ីរ៉ាក់ប្រាប់ភ្នាក់ងារសារព័ត៌មានថា “ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងបានកើតឡើងនៅព្រឹកព្រលឹម
នៅពេលដែលក្រុមសកម្មប្រយុទ្ធមកពីអង្គភាពការពារស៊ីនចា​រ (YBS) ដែលគេស្គាល់ផងដែរថាជាអង្គភាពតស៊ូស៊ីនចារ (Sinjar) បើកការបាញ់ប្រហារលើទាហាននៅខាងក្រៅទីក្រុងស៊ីនចារ ដែលមានចម្ងាយប្រមាណជា ១២០គីឡូម៉ែត្រភាគខាងលិចខេត្តនីនីវេនៃទីក្រុងមូសូល។”

លោក អាល់ រ៉ាវ៉ី និយាយថា ការប្រយុទ្ធគ្នាផ្ទុះឡើងបន្ទាប់ពីកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់បើកការវាយប្រហារតាមអាកាស និងធ្វើប្រតិបត្តិការលើដីនៅក្នុងខេត្តស៊ីនចារដើម្បីដណ្តើមការគ្រប់គ្រងលើទីក្រុង និងភូមិមួយចំនួននៅក្បែរនោះមកវិញពីក្រុមសកម្មប្រយុទ្ធរបស់អង្គភាពការពារស៊ីនចារ។ ទាហានមួយចំនួនផ្សេងទៀតក៏បានរងរបួសផងដែរក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាដែលបន្តរហូតដល់ពេញមួយថ្ងៃ។

នៅខែតុលា ឆ្នាំ២០២០ ទីក្រុងបាកដាដ និងទីក្រុងអឺបីល ដែលជាទីក្រុងស្ថិតក្នុងតំបន់ពាក់កណ្តាលស្វ័យយ័តឃឺដ បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីស្ដារស្ថិរភាពនៅក្នុងខេត្តស៊ីនចារ ដោយកំណត់ឱ្យតំបន់នោះគ្មានក្រុមប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់។

គួរបញ្ជាក់ផងដែរថា YBS គឺជាក្រុមសកម្មប្រយុទ្ធយ៉ាហ្ស៊ីឌី បង្កើតឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៧ ដើម្បីការពារជនជាតិភាគតិចយ៉ាហ្ស៊ីឌីនៅក្នុងប្រទេស។ ក្រុមនេះមានទំនាក់ទំនងជិតស្និទ្ធបំផុតទៅនឹងគណបក្សពលករឃឺដដែលបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីជាយូរមកហើយ និងត្រូវបានចុះក្នុងបញ្ចីថាជាអង្គការភេរវកម្ម​ដោយប្រទេសតួកគី។

ការប៉ះទង្គិចគ្នាជាច្រើនកើតឡើងខណៈដែលកម្លាំងតួកគីបើកការវាយប្រហារឆ្លងដែន ដែលមានឈ្មោះថាប្រតិបត្តិការ ខ្លរឡក់​ (Claw-Lock) ប្រឆាំងនឹងទីតាំងលាក់ខ្លួនរបស់ក្រុមគណបក្សពលករឃឺដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់កាលពីខែមេសា ដែលជាការ​ជំរុញ​ឱ្យ​មាន​ការ​តវ៉ា​ខ្លាំង​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់។

ចំណែកឯ ទីក្រុងបាកដាដបានចោទប្រកាន់ប្រទេសតួកគីពីការបំពានលើបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់ខ្លួន ចំណែកឯទីក្រុងអង់ការ៉ាបានការពារដោយនិយាយថាប្រតិបត្តិការនេះគឺជាសកម្មភាពការពារខ្លួនបន្ទាប់ពីអាជ្ញាធរអ៊ីរ៉ាក់បរាជ័យក្នុងការចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីលុបបំបាត់គណបក្សពលករឃឺដ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here