ប្រទេសនីហ្សេរីយ៉ា៖ កាលពីថ្ងៃពុធ ប៉ូលិសនីហ្សេរីយ៉ាបញ្ជាក់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកនៅស្ថានីយ៍បូមប្រេងនៅភាគខាងត្បូងរដ្ឋអ៊ីម៉ូ និងបារម្ភថាយ៉ាងហោចណាស់មនុស្ស២នាក់អាចស្លាប់។
អ្នកនាំពាក្យប៉ូលិសរដ្ឋអ៊ីម៉ូប្រាប់អ្នកសារព័ត៌មានថា ហេតុការណ៍ផ្ទុះកើតឡើងនៅព្រលឹមថ្ងៃពុធនៅស្ថានីយ៍បូមប្រេង ដែលដំណើរការដោយក្រុមហ៊ុនប្រេងក្នុងទីក្រុងអាយហ្សូមបេនៅតំបន់
រដ្ឋាភិបាលអូហ្គូតា។
លោក អាបាតថាម និយាយថា មន្ត្រីប៉ូលិសបើកការស៊ើបអង្កេតលើករណីផ្ទុះដែលបង្កដោយជនសង្ស័យ២នាក់។ លោកបន្ថែមឱ្យដឹងទៀតថា ប្រតិបត្តិការរបស់ប៉ូលិសដាក់ពង្រាយនៅតំបន់នោះដើម្បីទប់ស្កាត់ការបំពានច្បាប់ និងសណ្ដាប់ធ្នាប់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ស្រង់សម្តីរបស់បុគ្គលិកនៅស្ថានីយ៍ប្រេងមានខ្លឹមសារថា
ជនសង្ស័យទាំង២នាក់ត្រូវបានសម្លាប់នៅពេលដែលគ្រឿងផ្ទុះបានផ្ទុះ ខណៈដែលពួកគេព្យាយាមរកផ្លូវចូលទៅក្នុងស្ថានីយ៍តាមច្រកចូល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន huaxia ចុះផ្សាយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២