ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់និយាយថា កាលពីថ្ងៃអាទិត្យកម្លាំងអ៊ីរ៉ាក់សម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ចំនួន៣នាក់ និងចាប់ខ្លួនមេដឹកនាំក្នុងតំបន់៣នាក់នៅក្នុងខេត្តនីនីវ៉េ និងខេត្តបាកដាដ។
អ្នកនាំពាក្យរបស់អគ្គមេបញ្ជាការកម្លាំងអ៊ីរ៉ាក់និយាយក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា ទាហានធ្វើប្រតិបត្តិការលើភ្នំនៅភាគខាងជើងខេត្តនីនីវ៉េ និងសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ៣នាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានឲ្យដឹងថា កម្លាំងអ៊ីរ៉ាក់ថែមទាំងបានចាប់ខ្លួនមេដឹកនាំមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ចំនួន៣នាក់នៅក្នុងខេត្តបាកដាដ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់មានខ្លឹមសារថា “អំឡុងពេលស៊ើបអង្កេតបឋម ជនជាប់ឃុំសារភាពថា ពិតជាបានធ្វើប្រតិបត្តិការភេរវកម្មនៅខេត្តអានបារ បានដឹកនាំក្រុមភេរវករ និងបានចូលរួមក្នុងប្រតិបត្តិការភេរវកម្មជាច្រើនប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងប្រជាពលរដ្ឋ ”។ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កម្លាំងសន្តិសុខអ៊ីរ៉ាក់ធ្វើប្រតិបត្តិការ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមដើម្បីបង្ក្រាបសកម្មភាពរបស់ពួកគេ។
ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន huaxia ចុះផ្សាយថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២