ក្រសួងការពារជាតិអ៊ីរ៉ាក់បាននិយាយថា កាលពីថ្ងៃអាទិត្យកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានសម្លាប់សមាជិក៣នាក់របស់ក្រុមរដ្ឋអ៊ីស្លាមស្ថិតនៅខាងក្នុងរូងភ្នំមួយភាគខាងជើងខេត្តកឺកុក។
ក្រសួងបានប្រាប់ឱ្យដឹតទៀតថា ប្រតិបត្តិការនេះធ្វើឡើងដោយកងកម្លាំងយធាដែលស្ថិតនៅភ្នំហ្គារ៉ា (Garraw) ស្រុកសាហ្គារ៉ាន់ (Sargaran) ក្រុងឌីប៊ីស Dibis ភាគខាងជើងខេត្តកឺកុក។
តំបន់នេះកំពុងរងនូវការកើនឡើងយ៉ាងឆាប់រហ័សនៃសកម្មភាពរបស់ពួករដ្ឋអ៊ីស្លាមដែលប្រឆាំងនឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
គួរបញ្ជាក់ថាតំនប់ទាំងនេះមានការវាយប្រហារភេរវករស្ទើររាល់ថ្ងៃ ហើយប្រតិបត្តិការប្រឆាំងភេរវកម្មនៅតាមតំបន់ព្រំដែនរវាងខេត្តកឺកុក ខេត្តឌីយ៉ាឡា និងខេត្តអាឡាហាឌីនក៏ធ្វើឡើងជាប្រចាំផងដែរ។
នៅព្រឹកថ្ងៃដដែល ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធរបស់អ៊ីរ៉ាក់បាននិយាយថាកងកម្លាំងរបស់ខ្លួនបានចាប់ខ្លួនសមាជិកជាន់ខ្ពស់៣នាក់របស់ក្រុមជ្រុលនិយមស្ថិតនៅរដ្ឋធានីបាដាដ បន្ទាប់ពីទទួលព័ត៌មានស៊ើបការណ៍លើទីតាំងរបស់សមាជិកទាំងបីនាក់នេះ។
ក្នុងអំឡុងពេលនៃការសួរចម្លើយដំបូង ជនសង្ស័យបានសារភាពថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មនៅក្នុងខេត្តអាន់បា និងចូលរួមក្នុងសកម្មភាពភេរវករផ្សេងទៀតប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅទីក្រុងរ៉ាកាប្រទេសស៊ីរី។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២