ក្រុមឧទ្ទាមប្រមាណជា ១,០០០នាក់ លើកទង់ជ័យ «ស» នៅភាគខាងលិចប្រទេសអេត្យូពី

0

ប្រទេសអេត្យូពី៖ មន្រ្តីក្នុងតំបន់និយាយកាលពីថ្ងៃពុធថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ជនសង្ស័យជាក្រុមឧទ្ទាមប្រមាណជាជាង១,០០០នាក់ព្រមចុះចាញ់នៅរដ្ឋក្នុងតំបន់បេនីសអេងហ្គូល ហ្កូមូហ្ស ភាគខាងលិចប្រទេសអេត្យូពី។

ការិយាល័យទំនាក់ទំនងរដ្ឋបេនីសអេងហ្គូល ហ្កូមូហ្ស និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមឧទ្ទាមជនជាតិភាគតិចហ្កូមូហ្សចុះចាញ់តាមរយៈគម្រោងផ្សះផ្សាក្នុងស្រុក។ មុនពេលដែលពួកគេចុះចាញ់ ពួកគេបានធ្វើប្រតិបត្តិការ​នៅក្នុងតំបន់មេថេកគលអស់ពេលប្រមាណជាជាង៣ឆ្នាំ។

កាលពីខែមុន ការិយាល័យទំនាក់ទំនងរបស់រដ្ឋក្នុងតំបន់ បេនីសអេងហ្គូល ហ្កូមូហ្ស បានប្រកាសពីការចុះចាញ់របស់ក្រុមឧទ្ទាមចំនួន២៤៧នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍ក៏មានបន្ថែមខ្លឹមសារថា បុគ្គលទាំងនោះគឺជាសមាជិកនៃក្រុមឧទ្ទាមដែលត្រូវបានហាមឃាត់ ដែលជាចលនាប្រជាធិបតេយ្យប្រជាជនបេនីសអេងហ្គូល ហៅកាត់ថា (BPDM)។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អំពើហិង្សាអន្តរសហគមន៍ ក៏ដូចជាការវាយប្រហាររបស់ក្រុមឧទ្ទាមនៅតំបន់ភាគខាងលិចនៃប្រទេសអាហ្វ្រិកខាងកើត សម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងបណ្តាលឱ្យមានការផ្លាស់ទីលំនៅប្រមាណជាជាង១០០,០០០នាក់ផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា តំបន់បេនីសអេងហ្គូល ហ្កូមូហ្ស ស្ថិតនៅតាមបណ្តោយព្រំដែនរវាងប្រទេសអេត្យូពី និងប្រទេសសូដង់ មានរៀបចំគម្រោងអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ប្រទេសអេត្យូពីគឺទំនប់ Grand Ethiopian Renaissance Dam (GERD) ដែលកំពុងសាងសង់នៅលើទន្លេនីលខៀវដោយ​ចំណាយ​លើ​ការ​សាង​សង់​ប្រមាណជាជិត៥​ពាន់​លាន​ដុល្លារ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here