កម្លាំងតួកគីនិយាយថាបានសម្លាប់ក្រុមសកម្មប្រយុទ្ធឃឺដ ១០នាក់

0

ប្រទេសតួកគី៖ មន្ត្រីក្រសួងការពារជាតិនិយាយថា កាលពីថ្ងៃពុធកម្លាំងតួកគីបានបង្ក្រាបសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ចំនួន១០នាក់នៅភាគខាងជើងប្រទេសស៊ីរ៊ី។

មន្ត្រីក្រសួងបានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធ័រថា សមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី ត្រូវបានសម្លាប់នៅពេលដែលពួកគេកំពុងរៀបចំការវាយប្រហារលើតំបន់ប្រតិបត្តិការ អឺប្រាត ស្ហែល និងតំបន់ប្រតិបត្តិការ អូលីវ ប្រេន របស់កម្លាំងតួកគី។

ជាញឹកញាប់ អាជ្ញាធរតួកគីបានប្រើពាក្យ “បង្ក្រាប” ដើម្បីសំដៅដល់ “ក្រុមភេរវករ ដែលត្រូវបានសម្លាប់ ឬរងរបួស”ឬចាប់បានក្នុងប្រតិបត្តិការសន្តិសុខ​ ។

ភាពតានតឹងរវាងសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី និងយោធាតួកគី មានការកើនឡើងបន្ទាប់ពីក្រុម YPG វាយប្រហារលើបុស្ត៍ត្រួតពិនិត្យនៅក្នុងតំបន់លំនៅដ្ឋានម៉ា នៅក្នុងតំបន់ប្រតិបត្តិការអឺប្រាត ស្ហែល ដោយប្រើអាវុធប្រឆាំងរថក្រោះកាលពីថ្ងៃទី២២ ខែមេសា និងបានសម្លាប់មន្ត្រីប៉ូលិសតួកគីម្នាក់។ កម្លាំងតួកគីនិយាយកាលពីថ្ងៃអង្គារថា កម្លាំងរបស់ពួកគេបានសម្លាប់សមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរីចំនួន៦នាក់នៅភាគខាងជើងប្រទេសស៊ីរីនៅថ្ងៃបន្ទាប់ពីពួកគេនិយាយថាបានសម្លាប់១២នាក់។

ជាញឹកញាប់ កម្លាំងតួកគី និងសមាជិកក្រុម YPG បាញ់គ្នានៅព្រំដែនប្រទេសស៊ីរី។ ទាហានតួកគីធ្លាប់បើកប្រតិបត្តិការអឺប្រាត ស្ហែល (Euphrates Shield) នៅឆ្នាំ២០១៦ ប្រតិបត្តិការ​អូលីវ ប្រេន (Operation Olive Branch) នៅឆ្នាំ២០១៨ ប្រតិបត្តិការ ភីស ស្ព្រីង នៅឆ្នាំ២០១៩ និងប្រតិបត្តិការ ស្ព្រីង ស្ហែល (Spring Shield) នៅឆ្នាំ២០២០​ នៅភាគខាងជើងប្រទេសស៊ីរី។ អាជ្ញាធរតួកគីនិយាយថា ប្រតិបត្តិការទាំងនេះមានបំណងចង់លុបបំបាត់ការគំរាមកំហែងភេរវកម្មប្រឆាំងនឹងប្រទេសតួកគី និងផ្តល់តំបន់សុវត្ថិភាពដែលជួយសម្រួលដល់ការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរីទៅផ្ទះរបស់ពួកគេវិញ។

គួររំលឹកផងដែរថា ទីក្រុងអង់ការ៉ាចាត់ទុកសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី ជាសាខារបស់គណបក្សពលករឃឺដ (PKK)។ គណបក្សពលករឃឺមានឈ្មោះក្នុងបញ្ចីអង្គការភេរវករដោយប្រទេតួកគី បាន​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​តួ​ក​គី​អស់​រយៈពេលប្រមាណជាជាង​៣០​ឆ្នាំ​មក​ហើយ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here