ទាហាន៣នាក់ក្នុងចំណោមមនុស្ស៦នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាប៉ាគីស្ថាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស៦នាក់រួមទាំងទាហាន៣នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេស។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើតឡើងនៅក្នុងតំបន់មេរ៉ានស្ហារភាគខាងជើងស្រុកវ៉ាហ្ស៊ីរ៉ីស្ថាន ដោយបានសម្លាប់បុគ្គលិកសន្តិសុខ ៣នាក់ និងក្មេង៣នាក់ដែលមានអាយុចន្លោះពី៤ទៅ១១ឆ្នាំ។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមខ្លឹមសារថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់កំពុងស៊ើបអង្កេតលើការវាយប្រហារនេះដើម្បីកំណត់អត្តសញ្ញាណអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត និងតាមដានអ្នកចាត់ចែង និងអ្នកសម្របសម្រួល។

ដើម្បីជាការថ្កោលទោសយ៉ាងខ្លាំងចំពោះការបំផ្ទុះអត្តឃាតនេះ លោកនាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន សា​បាស សារីហ្វ បានបង្ហាញនូវការឈឺចាប់ និងទុក្ខសោកយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិត និង​បាន​បង្ហាញ​ការ​អាណិត​អាសូរ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ។

លោកនិយាយថា ឧក្រិដ្ឋជនដ៏ឃោឃៅគឺជាសត្រូវនៃមនុស្សលោក ហើយរដ្ឋាភិបាលប៉ាគីស្ថាននឹងប្រើគ្រប់មធ្យោបាយមិនព្រមឲ្យពួកគេផុតពីក្រសែភ្នែកបានទេដើម្បីនាំខ្លួនពួកគេមកដាក់ទោស៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចេញផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here