ប្រទេសសូម៉ាលី៖ មន្ត្រីយោធាបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មានមនុស្ស៣នាក់ រាប់បញ្ចូលទាំងមេបញ្ជាការទ័ពជាន់ខ្ពស់សូម៉ាលីម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះមីនបង្កប់នៅក្នុងតំបន់លំនៅដ្ឋានមួយកន្លែងស្ថិតនៅភាគខាងត្បូងទីក្រុងគីសម៉ាយ៉ូ កាលពីល្ងាចថ្ងៃអាទិត្យ។
មេបញ្ជាការកងទ័ពជាតិសូម៉ាលីនៅក្នុងរដ្ឋចូបាលេន អេដដូ មូហាមិដ សាហេល និយាយថា គ្រាប់មីនដែលបង្កប់នៅក្នុងផ្ទះរបស់លោកមេបញ្ជាការរងកងទ័ពជាតិសូម៉ាលី អ៊ីសម៉ែល ស្ហេក អ៊ីសាក បានផ្ទុះឡើងបណ្តាលឲ្យលោកមេបញ្ជាការរង និងចៅស្រីរបស់គាត់២នាក់ស្លាប់។
លោកនិយាយថា កម្លាំងចម្រុះកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ និងចាប់ផ្តើមតាមប្រមាញ់ជនដៃដល់នៃបទឧក្រិដ្ឋដ៏ឃោឃៅនេះ។
នៅក្នុងហេតុការណ៍ផ្សេងទៀត លោក សាហេល បន្ថែមឱ្យដឹងថា មនុស្សមួយចំនួនត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ដែលមានជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីកម្លាំងសន្តិសុខរដ្ឋចូបាលេនបានធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប។
ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះឧប្បត្តិហេតុចុងក្រោយដែលកើតឡើងនៅរយៈពេលប៉ុន្មានម៉ោងមុនការបោះឆ្នោតប្រធានាធិបតីនៅក្នុងទីក្រុងម៉ូហ្កាឌីស្យុ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២