មនុស្សយ៉ាងហោចណាស់៤០នាក់ស្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធសម្លាប់ នៅប្រទេសបួគីណាហ្វាសូ

0

ប្រទេសបួគីណាហ្វាសូ៖ ប្រភពសន្តិសុខនៅក្នុងតំបន់និយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស៤០នាក់​ រួមទាំងកម្លាំងស្ម័គ្រចិត្តការពារមាតុភូមិដែលជាទ័ពជំនួយ និងជនស៊ីវិមួយចំនួនត្រូវបានសម្លាប់​កាលពីចុងសប្តាហ៍នៅក្នុងការវាយប្រហារប្រដាប់អាវុធចំនួន៤លើកនៅក្នុងប្រទេសបួគីណាហ្វាសូ។

យោងតាមវេទិកា “សន្តិសុខសាហេល” ដែលជាវេទិកាព័ត៌មានអំពីចលនារបស់ក្រុមភេរវករ បានឱ្យដឹងថា ការវាយប្រហារលើកដំបូងកាលពីថ្ងៃសៅរ៍កំណត់គោលដៅលើក្បួនរថយន្តមួយអមដំណើរដោយកម្លាំងជំនួយទ័ពនៅចន្លោះតំបន់សាលម៉ូស៊ី និងម៉ាឃុយ នៅក្នុងខេត្តអូដាឡាន (ក្នុងតំបន់សាហេល) សម្លាប់កម្លាំងទ័ពជំនួយ៥នាក់ និងជនស៊ីវិលម្នាក់។

យោងតាមប្រភពសន្តិសុខក្នុងតំបន់បានឱ្យដឹងថា ការវាយប្រហារលើកទី២កើតឡើងនៅក្នុងតំបន់ហ្គូសេលនៅក្នុងខេត្តដដែល និងបន្សល់មនុស្សស្លាប់៨នាក់ក្នុងចំណោមកងទ័ពជំនួយ និងជនស៊ីវិល១២នាក់ស្លាប់។

ការវាយប្រហារលើកទី៣កំណត់គោលដៅលើក្បួនស៊ីវិលមួយដែលអមដំណើរដោយកម្លាំងទ័ពជំនួយនៅក្នុងតំបន់ ណាមួយយូរី នៅក្នុងខេត្តកំភៀនហ្គា ដែលស្ថិតក្នុងតំបន់អេស្ត ជាប់ព្រំដែនជាមួយតំបន់បេនីន។ ប្រភពសន្តិសុខក្នុងតំបន់មួយផ្សេងទៀតបញ្ជាក់ឱ្យដឹងថា មនុស្ស ១៧​នាក់ ត្រូវបានសម្លាប់ ​និង៩នាក់ផ្សេងទៀតរងរបួស។

ប្រភពសន្តិសុខមួយផ្សេងទៀតបញ្ជាក់ឱ្យដឹងថា នៅក្នុងអំឡុងពេលយប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ មានការវាយប្រហារនៅក្នុងពេលដំណាលគ្នាកំណត់គោលដៅលើអាវុធហត្ថ
និងស្ថានីយ៍ប៉ូលិស ហ្វារ៉ាម៉ាណា នៅក្នុងខេត្តហ៊ូត ដែលស្ថិតនៅក្នុងតំបន់ ហូត ប៉ាស៊ី នៅជិតព្រំដែនជាមួយប្រទេសម៉ាលី។ ក្នុងអំឡុងពេលវាយប្រហារអាវុធហត្ថ២នាក់បានរងរបួស និងរថយន្តមួយគ្រឿងត្រូវបានដុតបំផ្លាញ។

គួររំលឹកផងដែរថា សន្តិសុខនៅក្នុងប្រទេសបួគីណាហ្វាសូ​កាន់តែអាក្រក់ទៅចាប់តាំងពីឆ្នាំ២០១៥ ខណៈដែលការវាយប្រហារភេរវកម្មបានសម្លាប់មនុស្សច្រើនជាង ១,០០០នាក់ និងបណ្តាលឱ្យមានការផ្លាស់ទីលំនៅប្រមាណជាជាង១០០,០០០នាក់ផ្សេងទៀតនៅក្នុងប្រទេស អាហ្វ្រិកខាងលិច៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here