ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៤នាក់ស្លាប់នៅក្នុងការវាយប្រហារនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៤នាក់ រាប់បញ្ចូលទាំងមេដឹកនាំម្នាក់នៅក្នុងខេត្តអានបា ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារតាមអាកាសនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា បើយោងតាមរបាយការណ៍ចារកម្មបានបញ្ជាក់ឱ្យដឹងថា កម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់បានវាយប្រហារលើរថយន្តដឹកទំនិញដែលដឹកមេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលមានឈ្មោះហៅក្រៅថា អាប៊ុ ម៉ានសួរ (Abu Mansour) នៅក្នុងខេត្តអានបា និងសមាជិកក្រុមសកម្មប្រយុទ្ធ ៣នាក់ផ្សេងទៀតនៅក្នុងតំបន់វាលខ្សាច់ក្បែរទីក្រុងរ៉ូតបា ដែលមានចម្ងាយប្រមាណជា ៣៩០គីឡូម៉ែត្រ​ភាគខាងលិចទីក្រុងធានីបាកដាដ។

នៅក្នុងសេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា ក្រោយមកទៀតកម្លាំងទាហានម្នាក់បានរកឃើញទីតាំងគោលដៅ និងបានរកឃើញសាកសពមួយចំនួន រថយន្តដឹកទំនិញដែលរងការបំផ្លាញ និងខ្សែរក្រវ៉ាត់បំផ្ទុះចំនួន២ កាំភ្លើងវែងចំនួន២ដើម និងកាំភ្លើងខ្លីចំនួន១ដើម។

បើយោងតាមសេចក្តីថ្លែងការណ៍ដោយឡែកចេញផ្សាយដោយសេវាកម្មស៊ើបការណ៍សម្ងាត់ របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា លោកអាប៊ុ ម៉ានសួរ គឺជាបុគ្គលម្នាក់នៅក្នុងចំណោមអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារកំណត់គោលដៅលើផ្លូវអន្តរជាតិបាកដាដ អាំម៉ាន នៅក្នុងតំបន់អាល់ រ៉ូតប៉ា ហើយលោកធ្លាប់កាន់តួនាទីជាច្រើននៅក្នុងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។

នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កម្លាំងសន្តិសុខអ៊ីរ៉ាក់ធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមដើម្បីបង្ក្រាបសកម្មភាពរបស់ពួកគេ។

គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here