ប្រទេសប៉ាគីស្ថាន៖ យោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមភេរវករ៦នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ នៅខេត្តប៉ាឡូជីស្ថានភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយយោធាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងសន្តិសុខធ្វើប្រតិបត្តិការបន្ទាប់ពីទទួលបានតម្រុយថាមានវត្តមានរបស់ក្រុមភេរវករនៅតាមជួរភ្នំនៅក្នុងខេត្ត។
នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា នៅពេលកម្លាំងទ័ពចាប់ផ្តើមធ្វើប្រតិបត្តិការសម្អាតនៅក្នុងតំបន់ ក្រុមភេរវករបានព្យាយាមរត់ភៀសខ្លួនចេញពីទីតាំងលាក់ខ្លួនរបស់ពួកគេ និងបានបាញ់ប្រហារទៅលើកម្លាំងសន្តិសុខ។ នៅក្នុងការបាញ់តបតវិញនោះក្រុមភេរវករ៦នាក់ ដែលជាសមាជិករបស់ក្រុមឧទ្ទាមលីបឺរេស្ហិន ហ្វ្រាន់ប៉ាឡូជីស្ថាន ត្រូវបានសម្លាប់។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មលើកឡើងថា “ក្រុមភេរវករទាំងនោះមានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារជាច្រើនលើបុស្តិ៍យាមល្បាតកម្លាំងសន្តិសុខ ក្រៅពីបានបង្កប់គ្រឿងផ្ទុះកែច្នៃកាលពីពេលថ្មីៗនេះទៅលើក្បួនរបស់កម្លាំងសន្តិសុខ ”។
អាវុធ និងគ្រាប់រំសេវមួយចំនួន ត្រូវបានរឹបអូសពីទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ ដែលមានបំណងប្រើប្រាស់របស់អាវុធ និងគ្រាប់រំសេវទាំងនោះដើម្បីបង្អាក់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២