ប្រទេសយេម៉ែន៖ មន្ត្រីយោធាប្រាប់ភ្នាក់ងារសារព័ត៌មានថា ទាហាន៤នាក់នៃកម្លាំងគាំទ្ររដ្ឋាភិបាលយេម៉ែនត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតរងរបួស ដោយក្មាន់កាំភ្លើងអាល់ កៃដា កាលពីថ្ងៃអង្គារ នៅភាគខាងត្បូងខេត្តអាប់យាន។
មន្ត្រីយោធាក្នុងតំបន់សុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា “ក្មាន់កាំភ្លើងនៃក្រុមសកម្មប្រយុទ្ធអាល់ កៃដា នៅប្រទេសយេម៉ែនបានវាយប្រហារលើក្រុមដើរល្បាតនៃកម្លាំងរដ្ឋាភិបាលនៅក្នុងតំបន់អាវើរនៃខេត្តអាប់យាន”។
លោកនិយាយថា ការប្រឈមមុខដាក់គ្នាដោយអាវុធបានកើតឡើងក្រោយពេលមានការវាយប្រហារដែលបណ្តាលឱ្យទាហាន៤នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស។ លោកបានបន្ថែមឱ្យដឹងទៀតថា កម្លាំងមួយក្រុមនៃកម្លាំងគាំទ្ររដ្ឋាភិបាលត្រូវបានបញ្ចូនទៅកាន់តំបន់នោះ និងចាប់ផ្តើមតាមដានជនល្មើស។
ការវាយប្រហារដោយកាំភ្លើងជាច្រើន បានកើតឡើងកាលពីពេលថ្មីៗនេះនៅតាមតំបន់ផ្សេងៗគ្នានៃប្រទេសអារ៉ាប់ បណ្តាលឱ្យកម្លាំងសន្តិសុខជាច្រើននាក់ស្លាប់។
ក្រុមសកម្មប្រយុទ្ធអាល់ កៃដា នៅប្រទេសយេម៉ែនក្នុងបណ្តាញឧបទ្វីបអារ៉ាប់ ដែលហៅកាត់ថា (AQAP) បានទទួលខុសត្រូវចំពោះការវាយប្រហារធំៗជាច្រើនប្រឆាំងនឹងកម្លាំងសន្តិសុខនៅក្នុងខេត្តមួយចំនួននៅភាគខាងត្បូងនៃប្រទេស។
គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធ AQAP បានទាញយកផលប្រយោជន៍ជាច្រើនឆ្នាំពីជម្លោះដ៏សាហាវរវាងកម្លាំងរដ្ឋាភិបាលយេម៉ែន និងក្រុមសកម្មប្រយុទ្ធហ៊ូទីដើម្បីបន្តវត្តមានរបស់ខ្លួននៅក្នុងប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២