ភេរវករ៧នាក់ និងទាហាន២នាក់ ស្លាប់នៅក្នុងប្រតិបត្តិការយោធានៅភាគពាយ័ព្យ ប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងសន្តិសុខ ប៉ាគីស្ថានបានសម្លាប់ក្រុមភេរវករ៧នាក់ នៅក្នុងស្រុកកុលសម្ព័ន្ធភាគខាងជើងស្រុកវ៉ាហ្ស៊ីរ៉ីស្ថាន នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេស។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបាននិយាយកាលពីថ្ងៃអាទិត្យថា ការបាញ់តបតគ្នាទៅវិញទៅមកបានកើតឡើងរវាងកម្លាំងសន្តិសុខ និងក្រុមភេរវករ នៅក្នុងតំបន់ហ្គូឡាម ខាន កាឡេ ភាគខាងជើងស្រុកវ៉ាហ្ស៊ីរ៉ីស្ថាន ដែលជាស្រុកមួយមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន។

ISPR បន្ថែមថា “កម្លាំងទ័ពចូលរួមប្រយុទ្ធជាមួយភេរវករប្រកបដោយប្រសិទ្ធភាព ហើយក្រុមភេរវករ៧នាក់ត្រូវបានសម្លាប់” ។ យ៉ាងណាមិញ ទាហាន​ ២នាក់ស្លាប់ក្នុងអំឡុងពេលមានការបាញ់តបតគ្នាទៅវិញទៅមក។

ISPR អះអាងថា មានការរឹបអូសអាវុធ និងគ្រាប់រំសេវមួយចំនួនពីក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពភេរវករជាច្រើនប្រឆាំងនឹងកងកម្លាំងសន្តិសុខ។

មន្ត្រីយោធាក៏បានប្រកាសផងដែរថា ប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីលុបបំបាត់ក្រុមភេរវករផ្សេងទៀតនៅក្នុង​តំបន់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here