កងកម្លាំងប្រជាធិបតេយ្យស៊ីរីសម្លាប់ភេរវករ២នាក់ក្នុងខេត្ត ឌៀ អ៊ីហ្ស័រ

0

សេចក្តីថ្លែងការណ៍មួយបាននិយាយថាកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃឺដកាលពីថ្ងៃពុធនេះបានសម្លាប់ភេរវករ២នាក់ស្ថិតនៅក្នុងខេត្ត ឌៀ អ៊ីហ្ស័រ (Deir Ezzor) ប្រទេសស៊ីរី។

មជ្ឈមណ្ឌលសម្របសម្រួល និងប្រតិបត្តិការយោធារបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យទាំង២នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការមួយដែលធ្វើឡើងដោយអង្គភាពពិសេសរបស់កម្លាំងប្រជាធិបតេយ្យស៊ីរីដែលស្ថិតនៅក្នុងខេត្ត ឌៀ អ៊ីហ្ស័រ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើជនសង្ស័យទាំងពីរនាក់នោះ គឺជាសមាជិកនៃក្រុមរដ្ឋអ៊ីស្លាម ដែលតែងតែសកម្មនៅក្នុងតំបន់ និងបន្តបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនៅភាគឦសាននៃប្រទេសស៊ីរីឬយ៉ាងណា។

កងកម្លាំងប្រជាធិបតេយ្យស៊ីរីបាននិយាយកាលពីថ្ងៃចន្ទនេះថា កងកម្លាំងរបស់ខ្លួនបានចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាម៣នាក់ស្ថិតនៅក្នុងតំបន់ជូឌី ខេត្ត ឌៀ អ៊ីហ្ស័រ។ ក្រុមនេះធ្លាប់ធ្វើការជ្រើសរើសជនស៊ីវិល និងចែកចាយគ្រឿងបំផ្ទុះ និងជួយសម្រួលដល់ការដឹកជញ្ជូនភេរវករ។

នៅក្នុងសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយកាលពីថ្ងៃអាទិត្យនេះក៏បាននិយាយថាមជ្ឈមណ្ឌលសម្របសម្រួល និងប្រតិបត្តិការយោធារបស់កម្លាំងប្រជាធិបតេយ្យស៊ីរីបានសហការជាមួយកងកម្លាំងម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ខ្លួនមេដឹកនាំក្រុមភេរវករដេស (Daesh) ដ៏សំខាន់ម្នាក់ស្ថិតនៅក្នុងទីក្រុងហាសាកា (Hasakah)។ សេចក្តីថ្លែងការណ៍បានប្រាប់បន្ថែមថាជនសង្ស័យសកម្មក្នុងការចែកចាយឧបករណ៍បំផ្ទុះកែច្នៃ (IED) និងរថយន្តបំផ្ទុះគ្រាប់បែក។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here