មនុស្សច្រើនជាង១០០នាក់ត្រូវបានសម្លាប់នៅជំរំដែលគ្រប់គ្រងដោយក្រុមឃឺដ

0

អង្គការសហប្រជាជាតិ៖ មន្ត្រីអង្គការសហប្រជាជាតិនិយាយថា មនុស្សច្រើនជាង ១០០នាក់ ត្រូវបានសម្លាប់នៅជំរំជនភៀសខ្លួននៅភាគឦសានប្រទេសស៊ីរីក្នុងរយៈពេល១៨ខែចុងក្រោយនេះ។ ក្រុមឃឺដដែលគ្រប់គ្រងជំរំមានមនុស្សច្រើនកំពុងតស៊ូដើម្បីរក្សាប្រជាជនរបស់ពួកគេឱ្យមានសុវត្ថិភាព។

លោក អ៊ីមរ៉ាន រ៉ីហ្សា អ្នក​សម្រប​សម្រួល​ការតាំងលំនៅ​របស់អង្គការសហប្រជាជាតិសម្រាប់​ប្រទេសស៊ីរីនិយាយថា កាលពីខែមករា ឆ្នាំ២០២១ មានយ៉ាងហោចណាស់មនុស្ស ១០៦នាក់ស្លាប់ ដែលត្រូវបានគេកត់ត្រានៅជំរំ អាល ហូល នៅក្បែរព្រំដែនប្រទេសអ៊ីរ៉ាក់។  លោកធ្លាប់បាននិយាយថាមជ្ឈមណ្ឌលជនភៀសខ្លួនបានក្លាយទៅជាកន្លែងដ៏អាក្រក់។

លោក រ៉ីហ្សា បន្ថែមថា ខណៈដែលចំនួនអ្នកស្លាប់ជាច្រើន​នៅ​តែ​មិន​ទាន់​បាន​ដោះស្រាយ​ ជនរងគ្រោះភាគច្រើនគឺជាស្ត្រី ដែលសម្គាល់ថាជាអំពើហិង្សាលើយេនឌ័រនៅក្នុងជំរុំ។ ៩០ភាគរយ នៃអ្នកតាំងលំនៅចំនួន៥៦,០០០នាក់ គឺជាស្រ្តី និងកុមារ ដោយពួកគេភាគច្រើនបានរត់ភៀសខ្លួនពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ឬក្រុមដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ហើយក្លាយជាជនភៀសក្នុងអំឡុងពេលមានសង្គ្រាមស៊ីវិលរយៈពេលមួយទសវត្សរ៍របស់ប្រទេសស៊ីរី។

តំបន់ជនភៀសខ្លួននៅក្នុងតំបន់អាល ហូល  បានបើក និងបិទ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយតំបន់នោះត្រូវបានបង្កើតជាលើកដំបូងនៅក្នុងសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩១ រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ាក់។ ក្រោយមកទៀត បើកដំណើរការឡើងវិញ បន្ទាប់ពីមានការឈ្លានពាននៅឆ្នាំ២០០៣ របស់ទីក្រុងវ៉ាស៊ីនតោនដើម្បីផ្តួលរំលំបុរសខ្លាំងអ៊ីរ៉ាក់គឺ លោក សាដាម ហ៊ូសេន។ នៅឆ្នាំ២០១៦ ក្រុមសកម្មប្រយុទ្ធឃឺដគាំទ្រដោយសហរដ្ឋអាមេរិកបានកាន់កាប់ជំរំឡើងវិញចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដោយចំនួនប្រជាជនរបស់ពួកគេកើនឡើងជាបន្តបន្ទាប់រហូតដល់រាប់ម៉ឺននាក់។ លោក រ៉ីហ្សា បន្ថែមថា បច្ចុប្បន្នក្រុមឃឺដគ្រប់គ្រងជនជាតិអ៊ីរ៉ាក់ប្រមាណជា ២៧,០០០នាក់ ជនជាតិស៊ីរី ១៩,០០០នាក់ និងសញ្ជាតិផ្សេងៗទៀត ១២,០០០នាក់មកពីប្រទេសទី៣។ ខណៈដែលជនជាតិអ៊ីរ៉ាក់មួយចំនួនត្រូវបានធ្វើមាតុភូមិនិវត្តន៍ រដ្ឋាភិបាលមួយចំនួន​នៅ​តែ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ជួយ​ពលរដ្ឋ​ឲ្យ​ត្រឡប់ទៅ​ប្រទេស​វិញ។

មន្ត្រីអង្គការសហប្រជាជាតិនិយាយថា​ “ប្រជាជននៅទីនោះភាគច្រើនគឺជាកុមារ។ ពួកគេគ្មានកំហុសទេ។  ប្រសិនបើអ្នកទុកពួកគេនៅជំរំ អាល ហូល នោះអ្នកកំពុងតែថ្កោលទោសពួកគេថាមិនមានអនាគតទេ។ ដំណោះស្រាយដ៏ល្អបំផុតគឺសម្អាតជំរំ ”។

ខណៈដែលជំរំនេះស្ថិតក្រោមការត្រួតត្រារបស់ក្រុមឃឺដ​គាំទ្រ​ដោយ​អាមេរិក កាលពីចុងឆ្នាំមុនយោធាអាមេរិកធ្លាប់បានព្រមានថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកំពុងប្រើប្រាស់ជំរំនោះសម្រាប់ជ្រើសរើសសមាជិក និងផ្តល់ការបណ្តុះបណ្តាល  ដូចដែល​ក្រុម​ភេរវករ​បានព្យាយាម​បង្រួបបង្រួម ​និង​ប្រមូលផ្តុំ​គ្នា​ឡើងវិញ​បន្ទាប់ពី​បរាជ័យ​ធំៗ​នៅក្រោមដៃ​របស់កម្លាំង​អាមេរិក កម្លាំងរុស្ស៊ី និងកម្លាំង​ស៊ីរី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន rt ចុះផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here