យ៉ាងហោចណាស់មនុស្ស៣៣៨នាក់ស្លាប់នៅក្នុងការវាយប្រហារចុងក្រោយ

0

ប្រទេសអេត្យូពី៖ មន្រ្តីអេត្យូពីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា​ ជនសង្ស័យជាក្រុមឧទ្ទាមអូរូម៉ូ លីបឺរេស្ហិន អាមី (Oromo Liberation Army) ដែលហៅកាត់ថា អូអិលអេ (OLA) វាយប្រហារលើមនុស្សយ៉ាងហោចណាស់ ៣៨៨នាក់។

លោកស្រី ប៉េលៀន សេយ៉ូម លេខាធិការ​សារព័ត៌មាន​នៃ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​អេត្យូពីអាបៀរ អាមិដ និយាយទៅកាន់អ្នកការសែតថា ទិន្ន័យដែលលោកស្រីទទួលបានពីតំបន់

អូរូមៀរនៃប្រទេសអេត្យូពីកាលពីថ្ងៃពុធមានការបញ្ជាក់ថា យ៉ាងហោចណាស់មានជនរងគ្រោះ ៣៣៨នាក់ពីការវាយប្រហារចុងក្រោយ។

ការវាយប្រហារប្រដាប់អាវុធផ្តោតគោលដៅសំខាន់លើកសិករជនជាតិភាគតិច អាំហារារ កាលពីថ្ងៃទី១៨ ខែមិថុនា នៅក្នុងតំបន់ថូលនៃស្រុកហ្គីមប៊ី នៅភាគខាងលិចនៃតំបន់វ៉ូឡេហ្គា នៃតំបន់អូរូមៀរ បណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់។

មន្ត្រីរដ្ឋាភិបាលអេត្យូពី និងអ្នកដែលរួចផុតពីការវាយប្រហារ បានចោទប្រកាន់លើអ្នកប្រយុទ្ធអូអិលអេ (OLA) ពីការវាយប្រហារកាលពីចុងសប្តាហ៍ ហើយការចោទប្រកាន់នោះត្រូវបានក្រុមឧទ្ទាមបដិសេធ។ លោកស្រី សេយ៉ូមនិយាយថា ទាហានអេត្យូពីបានបង្កើនប្រតិបត្តិការសន្តិសុខរបស់ខ្លួនប្រឆាំងនឹងក្រុមឧទ្ទាមអូអិលអេ ក្រោយពីមានការវាយប្រហារដ៏សាហាវ។ លោកស្រីក៏បានបន្ថែមឱ្យដឹងផងដែរថា សន្តិសុខ​ និងសន្តិភាពរបស់ប្រទេសអេត្យូពី​កំពុង​ ​ប្រឈម​នឹងបញ្ហាប្រឈម​ដោយ​តួអង្គ​ផ្ទៃក្នុង​សមគំនិតជាមួយ​នឹង​តួអង្គ​ខាង​ក្រៅ។

គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទាមអូអិលអេ គឺជាក្រុមបំបែកខ្លួនចេញពីអតីតក្រុមឧទ្ទាមអូរ៉ូមមូលីបឺរេស្ហិន ហ្វ្រាន់ (OLF) ។ ក្រុមឧទ្ទាមអូអិលអេ មានសមាជិកប្រមាណជា ៣,០០០នាក់ ធ្វើប្រតិបត្តិការនៅភាគខាងលិច និងភាគខាងត្បូងតំបន់អូរ៉ូមៀ ដែលជាមាតុភូមិរបស់ជនជាតិដើមភាគតិចអូរូម៉ូស និងមានសមាជិកចំនួនប្រមាណជា ៣៥ភាគរយនៃប្រជាជនអេត្យូពី។

នៅខែឧសភា​ ឆ្នាំ២០២១ សភាអេត្យូពីបានបោះឆ្នោតចាត់ទុកថាក្រុមឧទ្ទាមអូអិលអេគឺជាក្រុមភេរវករ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here