ប្រទេសម៉ាលី៖សមាជិក MINUSMA និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា កម្លាំងរក្សាសន្តិភាព២នាក់ នៃបេសកកម្មស្ថេរភាពរួមបញ្ចូលគ្នាពហុភាគីរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា MINUSMA ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតរងរបួស ដោយសារការផ្ទុះគ្រាប់មីន នៅភាគខាងជើងប្រទេសម៉ាលី។
សោកនាដកម្មនោះបានកើតឡើង នៅពេលដែលរថពាសដែកមកពីក្បួនដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិ បើកកិនគ្រាប់មីននៅលើផ្លូវពីតំបន់តេស្តសាលីតទៅតំបន់ហ្គាវ ហើយកម្លាំងអន្តរាគមន៍រហ័សត្រូវបានបញ្ជូនទៅទីតាំងកើតហេតុ។
នៅក្នុងសេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា MINUSMA ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារ ដោយនិយាយថា វាអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ និងបានបង្ហាញនូវការព្រួយបារម្ភចំពោះការប្រើប្រាស់ឧបករណ៍ផ្ទុះញឹកញាប់ហួសប្រមាណ ដែលមានបំណងដើម្បីបង្អាក់ប្រតិបត្តិការនៃបេសកកម្មរបស់អង្គការសហប្រជាជាតិ និងរារាំងការវិល
ត្រឡប់ទៅរកសន្តិភាព និងស្ថិរភាពឡើងវិញនៅក្នុងប្រទេសម៉ាលី។
លោកអែល ហ្កាស៊ីម វ៉ែន ប្រធាន MINUSMA បានឧទ្ទិសដល់កម្លាំងរក្សាសន្តិភាព ដែលបានស្លាប់នៅក្នុងការបម្រើសន្តិភាពនៅប្រទេសម៉ាលីក្នុងកិច្ចការសម្រេចបេសកកម្មរបស់ពួកគេ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៧ ខែឧសភា MINUSMA ធ្លាប់បានរាយការណ៍ពីការបាត់បង់កម្លាំងរក្សាសន្តិភាពចំនួន ២៥៨នាក់ ចាប់តាំងពីមានការបង្កើតកម្លាំងនេះឡើងនៅក្នុងប្រទេសម៉ាលីនៅឆ្នាំ២០១៣៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២