អង្គភាពប្រឆាំងភេរវកម្ម (CTS) របស់ប្រទេសអ៊ីរ៉ាក់បាននិយាយថាប្រទេសរបស់ខ្លួនបានធ្វើប្រតិបត្តិការចំនួន១៥៤លើ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចាប់តាំងពីដើមឆ្នាំ២០២២។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ លោក សាបា អាល់-នូម៉ាន់ (Sabah al-Numan) អ្នកនាំពាក្យរបស់អង្គភាពប្រឆាំងភេរវកម្មបានចង្អុលបង្ហាញថា ប្រតិបត្តិការដែលមានឈ្មោះថា “បង្ការទុកជាមុន” នឹងបន្តនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសអ៊ីរ៉ាក់។
អ្នកនាំពាក្យរូបនេះបានប្រាប់ឱ្យដឹងទៀតថាអង្គភាពនេះបានធ្វើប្រតិបត្តិការជាង១៥៤លើកនៅក្រៅទីក្រុង។ ទីក្រុង និងជាយក្រុងទាំងអស់មានសុវត្ថិភាពជៀសផុតពីអំពើភេរវកម្មដែលបង្កឡើងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
គួររំលឹកថានៅថ្ងៃគម្រប់ខួប៥ឆ្នាំនៃការរំដោះទីក្រុងម៉ូស៊ុល (Mosul) អ្នកនាំពាក្យរូបនេះបានលើកសរសើរបន្ថែមអំពីតួនាទីដ៏លេចធ្លោរបស់កងកម្លាំងប្រឆាំងភេរវកម្មរបស់អង្គភាពនេះ។
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ ២០១៤ បានវាយប្រហារប្រទេសអ៊ីរ៉ាក់ និងបានកាន់កាប់ទឹកដីដ៏ធំរបស់ប្រទេសនេះ ដោយបានប្រកាសថាទីក្រុងម៉ូស៊ុលគឺជាទីក្រុងរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយទីក្រុងនេះត្រូវបានរំដោះបានមកវិញកាលពីឆ្នាំ២០១៧។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២