កម្លាំងសូម៉ាលី​ដណ្តើមបានមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប

0

ប្រទេសសូម៉ាលី៖ មន្ត្រីយោធាបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃចន្ទថា កម្លាំងសូម៉ាលីដណ្តើមបានមូលដ្ឋានមួយចំនួនរបស់ក្រុមសកម្មប្រយុទ្ធ អាល់ស្ហារបាប​ នៅល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានប្រតិបត្តិការនៅក្នុងទីក្រុង ដូឡូ និងទីក្រុង ឡុក នៅភាគខាងត្បូងតំបន់ហ្គេដូ។
 
លោក អាប់ឌីរ៉ាម៉េន អាប់ដូលឡាហ៊ី អាដាន មេបញ្ជាការស៊ើបការណ៍ប្រចាំតំបន់ហ្គេដូនិយាយថា ប្រតិបត្តិការរួមគ្នាដែលមានពាក់ព័ន្ធជាមួយកងទ័ពជាតិសូម៉ាលី ប៉ូលិស និងកម្លាំង ស៊ើបការណ៍សម្ងាត់ ធ្វើឡើងដើម្បីឆ្លើយតបទៅកាន់ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ អាល់ស្ហារបាប ទៅលើជនស៊ីវិលនៅក្នុងទីក្រុងចំនួនពីរ។

លោក អាដាន បានប្រាប់ភ្នាក់ងារសារព័ត៌មានរបស់រដ្ឋថា ប្រតិបត្តិការរួមគ្នាបានបំផ្លាញមូលដ្ឋានសំខាន់ៗ ដែលក្រុមសកម្មប្រយុទ្ធ អាល់ស្ហារបាប ប្រើដើម្បីវាយប្រហារនៅក្នុងតំបន់ហ្គេដូ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធ អាល់ស្ហារបាប ៤នាក់ត្រូវបានសម្លាប់ និងមួយចំនួនផ្សេងទៀតរងរបួសក្រោយពីមានការប៉ះទង្គិចគ្នាជាមួយកម្លាំងរដ្ឋាភិបាល។

របាយការណ៍ដោយលោក ហាលបេគ មានខ្លឹមសារថា កម្លាំងសន្តិសុខថែមទាំងបានរកឃើញ អាវុធ និងគ្រាប់រំសេវក្នុងអំឡុងពេលធ្វើប្រតិបត្តិការនោះ។

កម្លាំងរដ្ឋាភិបាលបានបង្កើនប្រតិបត្តិការសន្តិសុខនៅទូទាំងប្រទេសចាប់តាំងពីដើមឆ្នាំនេះ ប្រឆាំងនឹងក្រុមភេរវករ ដែលនៅតែបន្តគ្រប់គ្រងលើតំបន់ជនបទមួយចំនួននៅភាគខាងត្បូង និងតំបន់កណ្តាលប្រទេសសូម៉ាលី និងបន្តធ្វើការវាយប្រហារធំៗជាច្រើនទៀតនៅក្នុងទីក្រុងម៉ូហ្គាឌីស្យូ និងតាមតំបន់ផ្សេងទៀត៕​

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here