សហរដ្ឋអាមេរិក៖ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា កម្លាំងសហរដ្ឋអាមេរិកធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃអង្គារសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធ IS នៅក្នុងប្រទេសស៊ីរី។
បើយោងតាមប្រភព CENTCOM បានឱ្យដឹងថា លោក ម៉ាហា អាល់ អាហ្កាល ជាមេដឹកនាំកំពូលម្នាក់នៃមេដឹកនាំកំពូល៥នាក់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS និងជាមេដឹកនាំក្រុមជ្រុលនិយមនៅក្នុងប្រទេសស៊ីរី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅក្រៅតំបន់ជីនដាយរ៉ីស ភាគពាយព្យនៃប្រទេសស៊ីរី។ នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមខ្លឹមសារថា សម្រាប់គោលដៅវាយប្រហារផ្សេងទៀត មន្ត្រីជាន់ខ្ពស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ម្នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក អាល់ អាហ្កាល បានរងរបួសធ្ងន់ ខណៈដែលការពិនិត្យជាបឋមបង្ហាញថា ប្រតិបត្តិការនោះមិនបណ្តាលឲ្យមានជនស៊ីវិលរងរបួសទេ។
នៅក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមឱ្យដឹងទៀតថា ក្រៅពីធ្វើជាមេដឹកនាំជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម លោក អាល់ អាហ្កាល ក៏បានទទួលខុសត្រូវសម្រាប់ការអភិវឌ្ឍបណ្តាញក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS យ៉ាងសកម្ម នៅក្រៅប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។
លោកចូ បូស៊ីណូ អ្នកនាំពាក្យឱ្យ CENTCOM និយាយថា៖ “ការវាយប្រហារនេះបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់ CENTCOM ទៅកាន់តំបន់ និងបន្តការកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ដោយការប្រើប្រាស់អក្សរកាត់ផ្សេងៗគ្នាសម្រាប់ឈ្មោះរបស់ក្រុមជ្រុលនិយម។ ការលុបបំបាត់មេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ទាំងនេះ នឹងបង្អាក់សមត្ថភាពរបស់អង្គការភេរវករចំពោះការរៀបចំផែនការ និងអនុវត្តការវាយប្រហារជាសកល”។
ការសម្លាប់មេដឹកនាំ អាល់ អាហ្កាល បានប្រហារបន្ថែមទៀតលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS បន្ទាប់ពីមានព្រឹត្តិការណ៍ដ៏អាក្រក់ជាបន្តបន្ទាប់ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធទាំងនោះក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ។
បើតាមយោធាអាមេរិកបានឱ្យដឹងថា មេដឹកនាំកំពូលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមម្នាក់នៅក្នុងប្រទេសស៊ីរី ដែលធ្លាប់មានបទពិសោធន៍ផងដែរនៅក្នុងការផលិតគ្រាប់បែក ត្រូវបានចាប់ខ្លួន និងឃុំខ្លួន បន្ទាប់ពីមានការវាយឆ្មក់ដោយកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងខែមិថុនា។
គួររំលឹកផងដែរថា ប្រតិបត្តិការមួយនៅក្នុងខែកុម្ភៈដោយកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកនៅភាគខាងជើងប្រទេសស៊ីរីបានសម្លាប់មេដឹកនាំកំពូលម្នាក់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលមានឈ្មោះថា អាប៊ុ អ៊ីប្រាហ៊ីម អាល់ ហាស្ហីម៉ី អាល់ ខ្វ័រ៉េស្ហី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២