យ៉ាងហោចណាស់មនុស្ស ២នាក់ស្លាប់ និងប្រមាណ ១៥នាក់រងផ្សេងទៀតរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅសូម៉ាលី

0

ប្រទេសសូម៉ាលី៖ មន្ត្រីរដ្ឋាភិបាលបានអះអាងថា យ៉ាងហោចណាស់មនុស្ស២នាក់ ត្រូវបានសម្លាប់ និង ១៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តនៅសណ្ឋារគារល្បីល្បាញមួយ នៅទីក្រុងចូរវ៉ារ សាន់ដេរ ភាគ​ខាង​ត្បូង​តំបន់កណ្តាល នៃប្រទេសសូម៉ាលី។

លោក ដូដ ហាជី អៀរ៉ូ អ្នកនាំពាក្យសម្រាប់រដ្ឋហឺស្ហាបែល និយាយថា ចំនួនអ្នកស្លាប់នឹងអាចកើនឡើងបន្ទាប់ពីអ្នកវាយប្រហារបាន​វាយ​ប្រហារទៅលើ​រថយន្ត​ដែល​ផ្ទុក​​គ្រឿង​ផ្ទុះនៅ សណ្ឋាគារនួរឌូប ដែលមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ទៅស្នាក់នៅជាញឹកញាប់។

លោកហាជីនិយាយថា៖ “ពីមុនមក យើងធ្លាប់បានបញ្ជាក់ថា មនុស្ស២នាក់ត្រូវបានសម្លាប់ និងច្រើនជាង១៥នាក់ផ្សេងទៀតរងរបួស។” មន្ត្រីរដ្ឋាភិបាលក្នុងតំបន់និយាយថា រដ្ឋមន្ត្រី២រូប និងសមាជិកសភាម្នាក់មកពីរដ្ឋហឺស្ហាបែលបានរងរបួសនៅក្នុងការវាយប្រហារ។ រូបភាពចេញពីកន្លែងកើតហេតុបានបង្ហាញថា ការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំបង្កឡើងដោយហេតុការណ៍ផ្ទុះ​ ដែលថែមទាំងបានបង្កផលប៉ះពាល់​ដល់​អគារ​ក្បែរ​នោះ​ផង​ដែរ​។

លោកហានី អូមារ ដែលជាសាក្សីម្នាក់និយាយថា ហេតុការណ៍ផ្ទុះមានទ្រង់ទ្រាយធំ ដោយចំនួនអ្នកស្លាប់ និងអ្នករងរបួសអាចច្រើនជាងចំនួនដែលរដ្ឋាភិបាលក្នុងតំបន់បានលើកឡើង។ លោកអូមារប្រាប់ភ្នាក់ងារសារព័ត៌មានតាមទូរស័ព្ទថា៖ “យើងបានលឺសំឡេងផ្ទុះយ៉ាងខ្លាំងនៅសណ្ឋាគារចូវ៉ា ហើយក៏មានក៏បំផ្លិចបំផ្លាញជាច្រើននៅក្នុងតំបន់នោះផងដែរ។ ខ្ញុំដឹងថា មានអ្នករងរបួសមួយចំនួន”។

ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប បានអះអាងទទួលខុសត្រូវ​ចំពោះការវាយប្រហារចុងក្រោយ ដែលបានកំណត់គោលដៅទៅលើសណ្ឋាគារហឺស្ហាបែលនៅក្នុងតំបន់ ។

ការវាយប្រហារបន្តកើតមាននៅទូរទាំងប្រទេសសូម៉ាលី បើទោះបីជាកម្លាំងសន្តិសុខគាំទ្រដោយកម្លាំងសម្ព័ន្ធមិត្តបានបង្កើនប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេស។ គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធបានវាយប្រហារកំណត់គោលដៅទៅលើមូលដ្ឋានយោធា សណ្ឋាគារ និងកន្លែងសាធារណៈផ្សេងទៀតនៅក្នុងប្រទេសសូម៉ាលី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here