ក្រុមឧទ្ទាមហ៊ូធីយេម៉ែនសម្លាប់ទាហានរដ្ឋាភិបាល៩នាក់អំឡុងពេលបទឈប់បាញ់

0

ប្រទេសយេម៉ែន៖មន្ត្រីយោធាប្រាប់ភ្នាក់ងារសារព័ត៌មានថា ទាហានយេម៉ែន៩នាក់ ត្រូវបានសម្លាប់ដោយក្រុមឧទ្ទាមហ៊ូធីក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនៅក្នុងប្រទេស ដោយចោទប្រកាន់ក្រុមសកម្មប្រយុទ្ធពីការបំពានលើបទឈប់បាញ់។

មន្ត្រីយោធាសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ “ក្រុមឧទ្ទាមហ៊ូធីបានបំពានលើបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងបានវាយប្រហារជាច្រើនលើកប្រឆាំងនឹងតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលនៅក្នុងប្រទេសយេម៉េន”។

លោកបន្ថែមថា ការវាយប្រហារមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកដែលផ្ទុកគ្រឿងផ្ទុះ​ និងការបាញ់គ្រាប់ផ្លោងទៅលើតំបន់ផ្សេងៗគ្នា។ ការបំពានលើបទឈប់បាញ់របស់ក្រុមឧទ្ទាមហ៊ូធីបណ្តាលឱ្យកម្លាំងរដ្ឋាភិបាល៩នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។
ចាប់តាំងពីថ្ងៃទី២ ខែមេសាមក ភាគីសង្គ្រាមទាំងអស់នៅក្នុងប្រទេសយេម៉ែនបាននឹងកំពុងគោរពបទឈប់បាញ់នៅទូទាំងប្រទេស។ បើទោះបីជាបទឈប់បាញ់ទទួលបានការគាំទ្រយ៉ាងទូលំទូលាយ រដ្ឋាភិបាល​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ និងក្រុមឧទ្ទាមហ៊ូធី ជាញឹកញាប់ត្រូវបានចោទ​ប្រកាន់​ពី​ការបំពានបទឈប់បាញ់។

ការវាយប្រហារចុងក្រោយរបស់ក្រុមឧទ្ទាមកើតឡើងស្របពេលមានរបាយការណ៍នៃការស្នើសុំរបស់ប្រទេសអារ៉ាប៊ីសាអូឌីតឱ្យមានការពន្យាបទឈប់បាញ់បន្ថែមទៀតដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសយេម៉ែន ដែលធ្លាប់ត្រូវបានពន្យាដល់ថ្ងៃទី២​ ខែសីហាម្តងមកហើយ។

នៅក្នុងការឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ចូ បាយឌិន ទៅកាន់តំបន់នោះ ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់បានអះអាងថា ពួកគេនឹងមិនយល់ព្រមចំពោះការពន្យារពេលលើបទឈប់បាញ់ក្នុងសង្គ្រាមដែលមានរយៈពេលប្រាំពីរឆ្នាំមកហើយនោះទេ។

ពួកគេបដិសេធលទ្ធផលណាមួយសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានធិបតីអាមេរិកទៅកាន់តំបន់ ដែលមានជាប់ពាក់ព័ន្ធនឹងអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពនៃប្រទេសយេម៉ែន។

ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្រ្គាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់បានដណ្តើមកាន់កាប់ខេត្តភាគខាងជើងមួយចំនួន និងបានបង្ខំឱ្យរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតចាកចេញពីរដ្ឋធានីសាណា។

គួររំលឹកផងដែរថា សង្គ្រាមសម្លាប់មនុស្សរាប់ពាន់នាក់ បណ្តាលឱ្យមានការផ្លាស់ទីលំនៅបួនលាននាក់ និងរុញប្រជាជនឱ្យឈានដល់កម្រិតភាពអត់ឃ្លាន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here