ក្រុមសកម្មប្រយុទ្ធឃឺដ ៥នាក់ស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖មន្ត្រីនិយាយថា សមាជិកគណបក្សពលករឃឺដ (PKK) ចំនួន៥នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់តួកគីនៅក្នុងខេត្តនីនីវេ ភាគខាងជើងប្រទេសអ៊ីរ៉ាក់។

អង្គភាពប្រឆាំងភេរវកម្មអ៊ីរ៉ាក់លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកគណបក្សពលករឃឺដ ៥នាក់ រាប់បញ្ចូលទាំងស្រ្តីម្នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារទម្លាក់គ្រាប់បែកដោយយន្តហោះគ្មានមនុស្សបើករបស់តួកគីទៅលើរថយន្តរបស់ពួកគេដែលកំពុងធ្វើដំណើរនៅក្បែរភូមិមួយនៅភាគខាងលិចនៃទីក្រុងមូលសូល ដែលមានចម្ងាយប្រមាណជា ៤០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងបាកដាដ។

លោក ណាចុម អាល់ហ្សូបួរី អភិបាលខេត្តនីនីវេ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ដោយឡែកមួយថា ការវាយប្រហារបានកើតឡើងនៅម៉ោង ២និង២០នាទី ម៉ោងក្នុងតំបន់កាលពីថ្ងៃអាទិត្យ ខណៈដែលយន្តហោះគ្មានមនុស្សបើកបានទម្លាក់គ្រាប់បែកលើរថយន្តរបស់ជនស៊ីវិលនៅភាគខាងលិច នៃទីក្រុងមូសូល និងបានសម្លាប់មនុស្សប្រុស៤នាក់ និងស្ត្រីម្នាក់។

លោកអាល់ចូបួរីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនោះ ដោយលោកនិយាយថា ការវាយប្រហារបែបនេះនឹងធ្វើឱ្យស្ថានភាពសន្តិសុខមានអស្ថិរភាពនៅក្នុងខេត្តនៃប្រទេសអ៊ីរ៉ាក់ និងបណ្តាលឱ្យមានបាតុកម្មតវ៉ាដោយរដ្ឋាភិបាលតំបន់កណ្តាលប្រទេសអ៊ីរ៉ាក់។

កម្លាំងតួកគីជាញឹកញាប់ធ្វើប្រតិបត្តិការជាច្រើននៅលើដី ការវាយប្រហារតាមអាកាស និងបាញ់កាំភ្លើងធំ នៅតំបន់ពាក់កណ្តាលស្វយ័តរបស់អ៊ីរ៉ាក់ឃឺដ ជាពិសេសលើភ្នំខ្វានឌីល និងមូលដ្ឋានរបស់សមាជិកគណបក្សពលករឃឺដ។

គួរបញ្ជាក់ផងដែរថា បក្សពលករឃឺដ(PKK) ត្រូវបានចាត់ទុកថាជាអង្គភាពភេរវករ​ដោយ ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here