ទាហានអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធ IS ស្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖យោធាអ៊ីរ៉ាក់និយាយថា ទាហានអ៊ីរ៉ាក់ម្នាក់​ និងសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ម្នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងឧប្បត្តិហេតុចំនួន២នៅកណ្តាល និងភាគខាងជើងនៃប្រទេស។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា បើយោងតាមរបាយការណ៍ចារកម្មបានបញ្ជាក់ឱ្យដឹងថា កម្លាំងរួមគ្នាមកពីកម្លាំងទ័ព និង​ទាហាន​ប៉ារ៉ា ហាស អាល់សាប៊ី បាន​បាញ់​សម្លាប់​សមាជិកក្រុម​សកម្មប្រយុទ្ធ IS ម្នាក់​ដែល​ពាក់​ខ្សែក្រវាត់​ផ្ទុះ​នៅក្នុង​តំបន់ថាមីយ៉ា ដែលមានចម្ងាយប្រមាណជា ៣០គីឡូម៉ែត្រ ពីទីក្រុងបាកដាដ។

មន្ត្រីយោធាសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា នៅក្នុងឧបទ្វហេតុដោយឡែកពីគ្នា ទាហានម្នាក់ត្រូវបានសម្លាប់ និងម្នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ IS ទៅលើមូលដ្ឋានទ័ពនៅជិតទីក្រុងមូសូល ដែលមានចម្ងាយប្រមាណជា៤០០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាកដាដ។ ការ​វាយ​ប្រហារ​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ភាគី​ទាំង​ពីរ មុន​ពេល​ក្រុម​អ្នក​វាយ​ប្រហារ​បាន​រត់​គេច​ខ្លួន​ចេញពី​កន្លែង​កើត​ហេតុ។

នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កម្លាំងសន្តិសុខអ៊ីរ៉ាក់ធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមដើម្បីបង្ក្រាបសកម្មភាពរបស់ពួកគេ។

គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here