រដ្ឋអ៊ីស្លាមសម្លាប់​ប៉ូលិស​អ៊ីរ៉ាក់ ៦នាក់ និងរបួស ៧នាក់

0

កាលពីយប់ថ្ងៃអង្គារនេះ យ៉ាងហោចណាស់សមាជិកប៉ូលិសសហព័ន្ធអ៊ីរ៉ាក់៦នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយក្រុមរដ្ឋអ៊ីស្លាមស្ថិតនៅក្នុងខេត្តសាឡាហាឌីន (Salahaddin) ភាគខាងជើងរដ្ឋធានីបាដាដ។

សារព័ត៌មាន BasNews បានប្រាប់ឱ្យដឹងថាការវាយប្រហារបានកំណត់គោលដៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់កងកម្លាំងប៉ូលសសហព័ន្ធដែលស្ថិតនៅក្នុងតំបន់មូតៃប៊ីយ៉ា (Mutaybija) នៃខេត្ត ហើយថែមទាំងធ្វើឱ្យប៉ូលិស៧នាក់ផ្សេងទៀតរងរបួសផងដែរ។

ប្រភពសន្តិសុខក្នុងតំបន់បាននិយាយថា ពួកសកម្មប្រយុទ្ធជ្រុលនិយមបានប្រើអ្នកលបបាញ់ និងអាវុធធុនមធ្យមក្នុងអំឡុងពេលវាយប្រហារ ហើយពួកគេបានរត់ភៀសខ្លួនចេញពីកន្លែងកើតហេតុបន្ទាប់ពីការមកដល់នៃកម្លាំងប៉ូលិស។

គួរបញ្ជាក់ថាទីតាំងកើតហេតុនេះស្ថិតនៅតំបន់ព្រំដែនត្រីកោណរវាង ខេត្តសាឡាហាឌីន (Salahaddin) ខេត្តឌីយ៉ាឡា (Diyala) និងខេត្តកឺកុក (Kirkuk) ហើយតំបន់មូតៃប៊ីយ៉ា បានក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ពួករដ្ឋអ៊ីស្លាមដែលនៅសេសសល់ដោយពួកគេតែងតែរៀបចំការវាយប្រហារភេរវកម្មប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល។

វាមិនច្បាស់ទេថា តើពួកសកម្មប្រយុទ្ធបានរងគ្រោះថ្នាក់ដល់អាយុជីវិតឬយ៉ាងណា អំឡុងពេលការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរនោះ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here