មនុស្សស្លាប់៣នាក់ និងរបួស៥នាក់ ក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនៅប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ប្រភពសន្តិសុខនៅក្នុងតំបន់និយាយកាលពីថ្ងៃចន្ទថា សមាជិកសន្តិសុខ២នាក់ និងជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់ ​និង៥នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារ២លើក ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅក្នុងខេត្តសាឡាហ៊ូឌីន និងឌីយ៉ាឡា ប្រទេសអ៊ីរ៉ាក់។

សមាជិកសន្តិសុខ ហាស់ ស្ហាប៊ី ម្នាក់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងការវាយប្រហារមួយ ក្រុមសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋអ៊ីស្លាម បានវាយប្រហារលើច្រកចេញរបស់ទាហានប៉ារ៉ាហាស់ ស្ហាប៊ី នៅក្បែរទីក្រុងសាម៉ារ៉ា ដែលមានចម្ងាយប្រមាណជា ១២០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងបាកដាដ នៃប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យសមាជិកសន្តិសុខ

ហាស់ ស្ហាប៊ី ២នាក់ស្លាប់។

នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា សមាជិកសន្តិសុខដែលស្លាប់មានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធសារ៉ាយ៉ា អល់សាឡាម (Saraya al-Salam) ឬក្រុមប្រដាប់អាវុធ ភីស ខាំផេណី (Peace Companies) ដែលជាក្រុមស្មោះត្រង់នឹងបព្វជិតស៊ីអ៊ីត ម៉ុកថាដា អាល់សាដ (Moqtada al-Sadr)។

សន្តិសុខខេត្តសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា នៅក្នុងការវាយប្រហារមួយផ្សេងទៀតកាលពីយប់ថ្ងៃអាទិត្យ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានវាយប្រហារលើភូមិមួយ ដែលស្ថិតនៅភាគខាងកើតខេត្តឌីយ៉ាឡា នៃទីក្រុងបាគូបា ស្ថិតនៅចម្ងាយប្រមាណជា៦៥គីឡូម៉ែត្រភាគឦសាននៃទីក្រុងបាកដាដ ដោយបានសម្លាប់អ្នកភូមិម្នាក់ និងបង្ករបួសដល់មនុស្ស៥នាក់ផ្សេងទៀត។ កម្លាំងសន្តិសុខអ៊ីរ៉ាក់បានប្រញាប់ទៅកាន់កន្លែងកើតហេតុ និងធ្វើប្រតិបត្តិការស្វែងរកអ្នកវាប្រហារ។

លោកខូល ម៉ូហាមិដ អាល់ បាហ្ស៊ី​ ប៉ូលិសខេត្តប្រាប់ភ្នាក់ងារសារព័ត៌មានថា យ៉ាងណាមិញ នៅព្រឹកថ្ងៃចន្ទ កម្លាំងសន្តិសុខអ៊ីរ៉ាក់បានទប់ស្កាត់ការវាយប្រហារមួយផ្សេងទៀត ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម លើមូលដ្ឋានទ័ពនៅជួរភ្នំម៉ាកហូលl ភាគខាងជើងនៃខេត្តសាឡាហ៊ូឌីន។

នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កម្លាំងសន្តិសុខអ៊ីរ៉ាក់ធ្វើប្រតិបត្តិការ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមដើម្បីបង្ក្រាបសកម្មភាពរបស់ពួកគេ។

គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here