រដ្ឋអ៊ីស្លាមសម្លាប់មនុស្ស ៧នាក់ និងរបួសរាប់សិបនាក់ក្នុងការវាយប្រហារជាបន្តបន្ទាប់នៅអ៊ីរ៉ាក់

0

កាលពីយប់ថ្ងៃអាទិត្យនេះ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានធ្វើការវាយប្រហារយ៉ាងសាហាវជាច្រើនលើកនៅទូទាំងប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ និងរាប់សិបនាក់ទៀតរងរបួស។

ការវាយប្រហារដ៏សាហាវនេះត្រូវបានគេរាយការណ៍ចេញពីភូមិសាឡាម (Salam) ខេត្តឌីយ៉ាឡា (Diyala) ភាគខាងកើតប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមបានវាយប្រហារទៅលើអ្នកស្រុកបណ្តាលឱ្យជនស៊ីវិលម្នាក់ស្លាប់ និងរបួស១១នាក់ផ្សេងទៀត។

សារព័ត៌មាន BasNews បានប្រាប់ឱ្យដឹងថាអ្នករបួសប្រាំមួយនាក់គឺជាសមាជិកនៃគ្រួសារតែមួយ។

នៅកន្លែងផ្សេងទៀតនៅក្នុងភូមិខាលីស (Khalis) ខេត្តឌីយ៉ាឡាជនស៊ីវិល៣នាក់ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងការវាយប្រហាររបស់រដ្ឋអ៊ីស្លាម។

នៅភាគខាងត្បូងនៃខេត្តកឺកុកជាប់ខេត្តឌីយ៉ាឡា និងខេត្តសាឡាហាឌីនដែលគេស្គាល់ថាជាតំបន់ត្រីកោណមរណៈ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានវាយប្រហារលើអង្គភាពប៉ូលិសសហព័ន្ធ ដោយបានសម្លាប់មនុស្សម្នាក់ និងរបួស២នាក់។

មន្ត្រីក្នុងតំបន់ក្នុងខេត្តសាឡាហាឌីនក៏បានប្រាប់ឱ្យដឹងដែរថា ការវាយប្រហាររបស់រដ្ឋអ៊ីស្លាមទៅលើកងជីវពលស៊ីយ៉ា (Shia) ដែលស្ថិតនៅជិតទីក្រុងសាម៉ារ៉ា (Samarra) បណ្តាល​ឱ្យ​កងជីវពល​២​នាក់​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត​រង​របួស។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here