ប្រទេសអាហ្វហ្កានីស្ថាន៖យ៉ាងហោចណាស់ក្មេង ២នាក់ ត្រូវបានសម្លាប់ និង ១០នាក់ផ្សេងទៀតរងរបួស នៅពេលដែលឧបករណ៍បំផ្ទុះដែលបន្សល់ទុកពីជំនាន់សង្គ្រាម បាន
ផ្ទុះឡើងនៅក្នុងខេត្តហ្សាបូល ប្រទេសអាហ្វហ្កានីស្ថានកាលពីថ្ងៃអង្គារ។
មន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌ថា៖“ក្មេងមួយក្រុមបានរកឃើញរបស់ម៉្យាង ដែលមានរូបរាងដូចជារបស់លេងកម្សាន្តក្នុងស្រុកមីហ្សាននៅវេលាថ្ងៃត្រង់ និងបានលេងរបស់នោះទាល់តែវាផ្ទុះឡើង ដោយបានសម្លាប់មនុស្ស ២នាក់នៅនឹងកន្លែង និងបង្ករបួសដល់មនុស្ស ១០នាក់ផ្សេងទៀត។ ”
នៅពេលនេះ លោក អាប់ដូល ហាគីម ហាគីមី ដែលជាប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ឱ្យដឹងថា សាកសពមនុស្ស ២នាក់ និងក្មេង ១០នាក់រងរបួស ត្រូវបានបញ្ចូន
ទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះគឺជាឧប្បត្តិហេតុលើកទី២ហើយក្នុងតំបន់ភាគខាងត្បូងនៅរយៈពេលប្រាំថ្ងៃកន្លងមកនេះ។
ហេតុការណ៍ផ្ទុះស្រដៀងគ្នានេះធ្លាប់កើតឡើងកាលពីថ្ងៃសុក្រ នៅទីរួមខេត្ត ឡាការ ហ្គាស់ នៃតំបន់ហេលម៉េន ដោយបានសម្លាប់ក្មេងម្នាក់ និងបណ្តាលឱ្យក្មេង ៣នាក់ផ្សេងទៀតរងរបួស ។
គួររំលឹកផងដែរថា ប្រទេសអាហ្វហ្កានីស្ថានត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានបញ្ហាមីនបំផុតនៅក្នុងពិភពលោក ដោយសារតែគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ពីសង្រ្គាម ជារឿយៗបានសម្លាប់មនុស្សជាច្រើននាក់ ដែលភាគច្រើនជាកុមារ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២