ប្រទេសសូម៉ាលី៖មន្ត្រីនិយាយថា យ៉ាងហោចណាស់មនុស្ស ១៩នាក់ត្រូវបានសម្លាប់ និង ២៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកផ្សេងគ្នាក្នុងទីក្រុងចំនួន២ នៅភាគខាងត្បូងប្រទេសសូម៉ាលី កាលពីថ្ងៃពុធ។
នៅក្នុងឧបទ្វហេតុដំបូង មនុស្ស ១៣នាក់បានស្លាប់ ខណៈដែលមនុស្ស៥នាក់ផ្សេងទៀតរងរបួស នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនឯងនៅក្នុងទីក្រុងម៉ាកា នៃតំបន់ឡូវើរស្ហាបែល។ មន្ត្រីនៅក្នុងតំបន់ថែមទាំងបានបញ្ជាក់ទៀតថា មនុស្ស ៦នាក់ត្រូវបានសម្លាប់ ខណៈដែល ១៨នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារភ្លោះ នៅក្នុងទីក្រុងអាហ្វហ្កូយ រួមទាំងនៅក្នុងតំបន់តំបន់ឡូវើរស្ហាបែលផងដែរ។
លោក អ៊ីប្រាហ៊ីម អាដិន អាលី ណាចា អភិបាលនៃតំបន់ឡូវើរស្ហាបែលនិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលពាក់អាវកាក់បំផ្ទុះ បានបំផ្ទុះខ្លួនឯងនៅខាងក្រៅការិយាល័យរដ្ឋបាលនៅក្នុងទីក្រុងម៉ាកា ដោយបានសម្លាប់ស្នងការស្រុកលោក អាប់ដូលឡាហ៊ី អាលី វ៉ាហ្វូវ និងមនុស្ស១២នាក់ផ្សេងទៀត។
លោក ណាចា ប្រាប់អ្នកកាសែតនៅទីក្រុងម៉ូហ្កាឌីស្យូរដ្ឋធានីនៃប្រទេសសូម៉ាលីថា៖
“លោកវ៉ាហ្វូវ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះជាមួយគ្នានឹងមនុស្ស ១២នាក់ផ្សេងទៀត ដែលគាត់បានកំពុងនិយាយជាមួយនៅខាងក្រៅការិយាល័យ” ។ ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហា បាបដែលបានប្រយុទ្ធជាមួយរដ្ឋាភិបាលសូម៉ាលីក្នុងការវាយប្រហារស្ទើររាល់ថ្ងៃនៅទូទាំងប្រទេសបានអះអាងទទួលខុសត្រូវក្នុងការវាយប្រហារនៅទីក្រុងម៉ាកា។
នៅក្នុងការវាយប្រហារលើកទី២ មន្ត្រីម្នាក់បានប្រាប់ឱ្យដឹងថា មនុស្ស ៦នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកតាមដងផ្លូវនៅចំនួន២ករណី នៅផ្សារក្នុងតំបន់មួយកន្លែង នៅទីក្រុងអាហ្វហ្កូយ ក្នុងតំបន់ឡូវើរស្ហាបែលដូចគ្នា។
លោក អាប់ដូលកាដៀរ អ៊ីដល អតីតអ្នកនាំពាក្យរដ្ឋបាលស្រុកអាហ្វហ្កូយ ជាអ្នកដែលស្ថិតនៅទីតាំងកើតហេតុនិយាយថា គ្រាប់មីនពីរគ្រាប់ដែលគ្រប់គ្រងពីចម្ងាយបានផ្ទុះនៅផ្សារដ៏អ៊ូអរ។ លោកអ៊ីដលបញ្ជាក់ថា ហេតុការណ៍ផ្ទុះលើកទី២ បានកើតឡើងនៅរយៈពេលប៉ុន្មាននាទីក្រោយមកទៀត និងបានកំណត់គោលដៅលើប្រជាជនដែលចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ។
លោក អ៊ីដល ប្រាប់ភ្នាក់ងារសារព័ត៌មានសូម៉ាលីថា៖ “យ៉ាងហោចណាស់មនុស្ស ៦នាក់ ដោយភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ និង១៨នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍វាយប្រហារភ្លោះ ដែលបានធ្វើឡើងដោយឧបករណ៍បញ្ជាផ្ទុះពីចម្ងាយ នៅឯផ្សារសត្វអាហ្វហ្កូយ ហើយហេតុការណ៍ផ្ទុះលើកទី២បណ្តាលឱ្យមានមនុស្សរងរបួសច្រើនជាង”។ លោកបានបន្តថា ជាញឹកណាប់ផ្សារនេះទទួលភ្ញៀវជាច្រើនដែលមកទិញបសុសត្វនៅថ្ងៃពុធ ជាថ្ងៃដែលផ្សារបើកលក់។
ក្រុមសកម្មប្រយុទ្ធបានបង្កើនការវាយប្រហារ ខណៈដែលកម្លាំងរដ្ឋាភិបាលបានធ្វើប្រតិបត្តិការយ៉ាងខ្លាំងប្រឆាំងនឹងក្រុមជ្រុលនិយមនៅតំបន់កណ្តាល និងតំបន់ភាគខាងត្បូងនៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្នុងគោលបំណងលុបបំបាត់សមាជិកក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២