យន្តហោះគ្មានមនុស្សបើករបស់កម្លាំងតួកគីសម្លាប់ក្រុមសកម្មប្រយុទ្ធឃឺដ៤នាក់នៅភាគខាងជើងប្រទេសស៊ីរី

0

ប្រទេសស៊ីរី៖អ្នកតាមដានសង្គ្រាមរាយការណ៍ថា សមាជិក​៤​នាក់​នៃកម្លាំង​សន្តិសុខ​ឃឺ​ដ ដែលគេស្គាល់ថាជាកម្លាំងសន្តិសុខ អាសេយ៉ីស ត្រូវបានសម្លាប់ដោយយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធរបស់តួកគីនៅភាគខាងជើងខេត្តរ៉ាកា ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្សក្នុងសង្រ្គាមស៊ីរីនិយាយថា យន្តហោះគ្មានមនុស្សបើករបស់កម្លាំងតួកគីបានបាញ់ប្រហារទៅលើយានយន្តរបស់កម្លាំងសន្តិសុខ អាសេយ៉ីស នៅក្នុងទីក្រុងថាល សាមិន នៅភាគខាងជើងខេត្តរ៉ាកា។ ទាក់ទិនទៅនឹងការវាយប្រហារ កម្លាំងតួកគីបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន ៤២លើកមកហើយទៅលើក្រុមសកម្មប្រយុទ្ធឃឺដចាប់តាំងពីដើមឆ្នាំ២០២២មក។

នេះគឺជាផ្នែកមួយនៃភាពតានតឹងរវាងកម្លាំងតួកគី និងក្រុមសកម្មប្រយុទ្ធឃឺដ នៅភាគខាងជើងប្រទេសស៊ីរី ដែលកំពុងតែកើនឡើងនាពេលថ្មីៗនេះ ចំពេលប្រទេសតួកគីបានប្រកាសថាមានបំណងចង់បើកប្រតិបត្តិការយោធាថ្មីមួយនៅភាគខាងជើងប្រទេសស៊ីរីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃឺដ។

គួរបញ្ជាក់ផងដែរថា កម្លាំងទ័ពស៊ីរីធ្លាប់និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះថា ពួកគេបានត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមមុខនឹងការវាយប្រហារណាមួយដែលអាចកើតមានរបស់កម្លាំងតួកគី នៅរយៈពេល១សប្តាហ៍បន្ទាប់ពីប្រទេសអ៊ីរ៉ង់ ប្រទេសរុស្ស៊ី និងប្រទេសតួកគី បានបើកកិច្ចប្រជុំកំពូលមួយនៅក្នុងទីក្រុងតេរ៉ាន ក្នុងគោលបំណងដើម្បីបន្ថយភាពតានតឹង៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here