ប្រទេសសូម៉ាលី៖មន្ត្រីក្នុងតំបន់និយាយថា មន្ត្រីទ័ពជាតិសូម៉ាលី និងកម្លាំងមកពីតំបន់ភាគនិរតីកាលពីថ្ងៃសៅរ៍ បានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ៣នាក់ ក្នុងប្រតិបត្តិការប្រឆាំងរួមគ្នានៅក្នុងតំបន់។
មន្ត្រីយោធា ដែលដឹកនាំប្រតិបត្តិការយោធានៅក្បែភូមិថូសវ៉េនក្នុងស្រុកបាដាល ប្រាប់ភ្នាក់ងារសាព័ត៌មានសូម៉ាលីថា ក្រុមសកម្មប្រយុទ្ធមួយចំនួន ដែលបានបង្កភាពភ័យខ្លាចដល់អ្នកស្រុកបានរត់គេចខ្លួនដោយមានរបួសធ្ងន់។
លោក អេដដារ៉ុស អាប់ដូលឡាហ៊ី ស្ហៀក ជាមេបញ្ជាការដែលបានដឹកនាំប្រតិបត្តិការនោះប្រាប់ភ្នាក់ងារសារព័ត៌មានថា៖“ក្រុមភេរវករខ្លះបានយាយី និងធ្វើឱ្យប្រជាជនមួយចំនួនផ្លាស់ទីលំនៅនៅក្នុងភូមិ។ ប្រតិបត្តិការនេះមានគោលបំណងសំខាន់ដើម្បីកម្ចាត់ក្រុមភេរវករចេញពីស្រុកបាដាល។ ”
ប្រតិបត្តិការចុងក្រោយបានកើតឡើងបន្ទាប់ពីមនុស្ស ២នាក់ រួមបញ្ចូលទាំងលោករដ្ឋមន្ត្រីម្នាក់ ត្រូវបានសម្លាប់ និងមនុស្សមួយចំនួនផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះនៅភូមិបៃដូអាភាគនិរតីនៃប្រទេសសូម៉ាលី។ លោក ហាសាន អ៊ីប្រាហ៊ីម ហាសាន (ឡុងបួរ) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រដ្ឋភាគនិរតី និងកូនប្រុសរបស់គាត់ត្រូវបានសម្លាប់ ដោយឧបករណ៍បំផ្ទុះមួយនៅក្បែរ ផ្ទះរបស់គាត់ បន្ទាប់ពីចាកចេញពីវិហារអ៊ីស្លាមមួយនៅក្នុងភូមិបៃដូអាកាលពីថ្ងៃសុក្រ។
ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបនៅតែបន្តគ្រប់គ្រងលើតំបន់ជនបទមួយចំនួននៅភាគខាងត្បូង និងភាគកណ្តាលនៃប្រទេសសូម៉ាលី និងបន្តធ្វើការវាយប្រហារធំៗនៅក្នុងទីក្រុងម៉ូហ្កាឌីស្យុ និងតំបន់ផ្សេងទៀត។ ចំណែកឯ កម្លាំងសម្ព័ន្ធមិត្តបានបង្កើនប្រតិបត្តិការយោធានៅក្នុងទឹកដី ដែលធ្លាប់ត្រូវបានគ្រប់គ្រងដោយក្រុមភេរវករជ្រុលនិយម។ ក្រុមសកម្មប្រយុទ្ធអាលស្ហាបាប ត្រូវបានកម្ចាត់ចេញពីទីក្រុងម៉ូហ្កាឌីស្យុកាលពីឆ្នាំ២០១១៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២