ទាហានម្នាក់ និងភេរវករ ៦នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖យោធាម្នាក់និយាយថា ទាហានម្នាក់ និងភេរវករ ៦នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាមួយនៅក្នុងស្រុកគេច ភាគនិរតីនៃខេត្តបាឡូជីស្ថាន ប្រទេសប៉ាគីស្ថាន។  

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ប្រតិបត្តិការនោះធ្វើឡើងដោយកម្លាំងសន្តិសុខ នៅក្នុងតំបន់ហូស្ហាប។

ISPR បន្ថែមថា កម្លាំងសន្តិសុខបានព័ទ្ធតំបន់នោះដោយផ្អែកលើតម្រុយមួយចំនួន ​និងបានចាប់ផ្តើមធ្វើប្រតិបត្តិការដើម្បីចាប់ខ្លួនក្រុមភេរវករ។ បន្ទាប់ពីបានព័ទ្ធរួច ក្រុមភេរវករបានបាញ់ប្រហារលើកម្លាំងទ័ព។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលមានបន្ថែមខ្លឹមសារថា ការបាញ់តបតគ្នាទៅវិញទៅមកបានកើតឡើងរវាងក្រុមភេរវករ និងកម្លាំងសន្តិសុខ ដោយលទ្ធផលបណ្តាលឱ្យក្រុមភេរវករ ៦នាក់ស្លាប់។ នៅក្នុងអំឡុងពេលបាញ់គ្នា ទាហានម្នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួស។ អាវុធ និងគ្រាប់រំសេវមួយចំនួនក៏ត្រូវបានរឹបអូសពីក្រុមភេរវករផងដែរ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here