សហរដ្ឋអាមេរិក៖កាលពីថ្ងៃចន្ទ ពហុប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា កម្លាំងសហរដ្ឋអាមេរិកបានសម្លាប់លោក អ៊ីម៉េន អាល់ ហ្សាវ៉ាហ៊ីរ៉ី ដែលជាមេដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធ អាល់កៃដា ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសប៉ាគីស្ថាន។
សេតវិមាន មិនទាន់បញ្ជាក់ពីការស្លាប់របស់ លោក អាល់ ហ្សាវ៉ាហ៊ីរ៉ី នោះទេ ដោយគ្រាន់តែនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី ចូ បាយដិន នឹងថ្លែងសុន្ទរកថាមួយស្តីពី “ប្រតិបត្តិការប្រឆាំងភេរវកម្មប្រកបដោយជោគជ័យ” នៅម៉ោង៧ និង ៣០នាទីយប់។
គួររំលឹកផងដែរថា លោក អាល់ ហ្សាវ៉ាហ៊ីរ៉ី ត្រូវបានតែងតាំងកាលពីខែមិថុនា ឆ្នាំ២០១១ ដើម្បីស្នងតំណែងពីលោក អូសាម៉ា ប៊ីន ឡាដិន ដែលជាមេដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធអាល់កៃដា នៅរយៈពេល ១ខែក្រោយ បន្ទាប់ពីលោក ប៊ីន ឡាដិន ត្រូវបានបាញ់ និងសម្លាប់ ដោយកម្លាំងសហរដ្ឋអាមេរិកនៅក្នុងទីក្រុងអាប់បូតថាបេដ ប្រទេសប៉ាគីស្ថាន។
បច្ចុប្បន្នភាពព័ត៌មានបន្ថែម
សហរដ្ឋអាមេរិក៖ លោក ចូ បាយដិន ប្រធានាធិបតីអាមេរិក បានប្រកាសថា លោក អ៊ីម៉េន
អាល់ ហ្សាវ៉ាហ៊ីរ៉ី ដែលជាមេដឹកនាំក្រុមសកម្មប្រយុទ្ធ អាល់ កៃដា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២