កាលពីថ្ងៃចន្ទនេះ យ៉ាងហោចណាស់ទាហានអ៊ីរ៉ាក់ម្នាក់បានរងរបួសដោយការវាយប្រហារដោយកាំភ្លើងត្បាល់របស់រដ្ឋអ៊ីស្លាមស្ថិតនៅភាគខាងជើងនៃខេត្តកឺកុក (Kirkuk)។
អភិបាលក្រុងដាកុក (Daquq) លោក លូស ហ្វានឌី (Luis Fandi) បានប្រាប់សារព័ត៌មាន BasNews ថាក្រុមសកម្មប្រយុទ្ធបានកំណត់គោលដៅលើអង្គភាពមួយនៃកងទ័ពអ៊ីរ៉ាក់ដែលស្ថិតនៅក្នុងភូមិខាស្ដាម៉ា (Khashandma) ក្នុងទីក្រុងដាកុក ភាគខាងជើងខេត្តកឺកុក។
ការវាយប្រហារដោយកាំភ្លើងត្បាល់នេះបណ្តាលឲ្យទាហានម្នាក់រងរបួស និងបណ្តាលឲ្យខូចខាតសម្ភារៈរថយន្តរបស់កងទ័ព។
គួររំលឹកថាយន្តហោះចម្បាំងរបស់អ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានធ្វើការវាយប្រហារតាមអាកាសចំនួនពីរលើកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលស្ថិតនៅក្នុងខេត្តនីនីវេ (Ninevah) បណ្តាលឱ្យក្រុមជីហាដជាច្រើននាក់ស្លាប់។ សារព័ត៌មានសន្តិសុខ Media Cell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចំពោះការវាយប្រហារតាមអាកាសនេះថា ការវាយប្រហារគឺបានកំណត់គោលដៅលើកន្លែងលាក់ខ្លួនរបស់ក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងជួរភ្នំអាឌីយ៉ា (Adiya) នៃខេត្តនីនីវេ ដោយផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ដែលផ្តល់ដោយកងកម្លាំងសន្តិសុខ ដោយបានបំផ្លាញ់ទីតាំងនេះទាំងស្រុង ហើយពួកសកម្មប្រយុទ្ធ៨នាក់ត្រូវបានសម្លាប់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១ ខែសីហា ឆ្នាំ២០២២