ប្រទេសឥណ្ឌូនេស៊ី៖ប៉ូលិសនៅខេត្តអាសេស (Aceh) ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី និយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គភាពប្រឆាំងភេរវកម្ម ដេនសុស៨៨ (Densus 88) របស់ប៉ូលិស បានចាប់ខ្លួនជនសង្ស័យជាក្រុមភេរវករ ដែលគេជឿថាមានទំនាក់ទំនងជាមួយក្រុម
ភេរវករ ចេមាស់ អ៊ីស្លាម៉ីយ៉ាស់ (Jemaah Islamiyah) ខុសច្បាប់។
លោក វីណាឌី អ្នកនាំពាក្យប៉ូលិសខេត្ត ប្រាប់សារព័ត៌មានក្នុងស្រុកថា ជនសង្ស័យស្ថិតក្រោមឈ្មោះក្រុម អ៊ីអេសអេ(ISA) ត្រូវបានចាប់ខ្លួននៅភូមិ ស៊ីដូដាឌី នៅស្រុក អាសេស ថាមៀង កាលពីថ្ងៃពុធ។ បុរសវ័យ ៣៧ឆ្នាំ ត្រូវបានគេចោទថា ជាអ្នកសម្របសម្រួលរបស់ក្រុមភេរវករ ចេមាស់ អ៊ីស្លាម៉ីយ៉ាស់។
លោក វីណាឌី និយាយថា៖ “ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ត្រូវបានចោទប្រកាន់ថាជាអ្នកសម្របសម្រួល និងមានតួនាទីយ៉ាងសំខាន់នៅក្នុងរចនាសម្ព័ន្ធរបស់ក្រុមភេរវករ ចេមាស់ អ៊ីស្លា ម៉ីយ៉ាស់។ ក្រុម អ៊ីអេសអេ ត្រូវបានបញ្ជូនទៅកាន់ក្រុមប៉ូលិសកោះស៊ូម៉ាត្រាខាងជើងដើម្បីស៊ើបអង្កេតបន្ថែម។ ” លោកបន្ថែមថា អង្គភាពដេនសុស៨៨ បានចាប់ខ្លួនជនសង្ស័យជាក្រុមភេរវករ ១៥នាក់នៅក្នុងខេត្ត អាសេស ចាប់ពីខែមុនមក ដោយពួកគេភាគច្រើនត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយបណ្តាញក្រុមភេរវករ ចេមាស់ អ៊ីស្លា ម៉ីយ៉ាស់(JI)៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២