ផ្លូវថ្មើរជើងសំខាន់រវាងប្រទេសអ៊ីស្រាអែល និងតំបន់ហ្កាហ្សាស្ទ្រីប រងការវាយប្រហារពីគ្រាប់ផ្លោងដែលបាញ់ចេញពីតំបន់ហ្កាហ្សា

0

ប្រទេសអ៊ីស្រាអែល៖មន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា​ ផ្លូវថ្មើរជើងសំខាន់រវាងប្រទេសអ៊ីស្រាអែល និងតំបន់ហ្កាហ្សាស្ទ្រីប រងការវាយប្រហារដោយគ្រាប់ផ្លោងដែលបាញ់ចេញពីតំបន់ឆ្នេរប៉ាឡេស្ទីន។

នៅក្នុងសេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា ផ្លូវថ្មើរជើង អេរ៉េស (Erez) ដែលបច្ចុប្បន្ន​ជា​ផ្លូវ​ឆ្លង​កាត់​តែ​មួយ​គត់​រវាងតំបន់​ហ្កាហ្សា និងប្រទេស​អ៊ីស្រាអែល​តាម​ផ្លូវ​គោក រងការវាយប្រហារដោយគ្រាប់បែកផ្លោង ៣គ្រាប់ ដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធចេញពីតំបន់ហ្កាហ្សា។

មន្ត្រីក្រសួងបន្ថែមឱ្យដឹងថា ដំបូល​ស្ថានីយ​រង​ការ​ខូចខាត​ដោយសារ​អគ្គិភ័យ ហើយ​គ្រាប់​កាំភ្លើង​បាន​ធ្លាក់​លើច្រកចូលទៅ​ក្នុង​សាល ខណៈដែលស្ថានីយ​នោះ​ត្រូវ​បាន​គេ​ប្រើដើម្បី​សម្រួល​ដល់​ការ​ឆ្លង​កាត់​ប្រចាំ​ថ្ងៃ​របស់ប្រជាជនរាប់​ពាន់​នាក់នៅក្នុងតំបន់ហ្កាហ្សា ​ដែលចូលទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។

គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ីស្រាអែលបានបិទច្រកឆ្លងកាត់កាលពីសប្តាហ៍មុន ចំពេលមានការផ្ទុះអាវុធដ៏ក្រើកមួយ ខណៈដែលកម្លាំងអ៊ីស្រាអែលបានបញ្ចេញការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំកាលពីថ្ងៃសុក្រ ហើយក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីនបានវាយបកទៅវិញដោយគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់។

បើយោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាបានឱ្យដឹងថា ការប្រយុទ្ធគ្នាបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣១នាក់ រាប់បញ្ចូលទាំងក្មេង ០៦នាក់ និងស្តី្រ ០៤នាក់ និងបណ្តាលឱ្យមនុស្ស ២៧៥នាក់របួស៕

ប្រែសម្រួល៖ប៉ោក​ លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែសីហា​ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here